បណ្តាញសង្គម

កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើល កូរ៉េខាងជើង។

ទីភ្នាក់ងារខាងលើហៅកាត់ DAPA បានឱ្យដឹងថា ផ្កាយរណបចារកម្មទាំង២គ្រឿង ត្រូវបានកំណត់ពេល វេលានឹងបាញ់បង្ហោះ តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ចេញពីរដ្ឋ Florida នៅខែមេសា និងខែវិច្ឆិកា ឆ្នាំនេះ។

ដោយចាប់ផ្តើមជាមួយការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូង កាលពីខែធ្នូ ឆ្នាំ២០២៣ កូរ៉េខាងត្បូងមានផែនការនាំយក ផ្កាយរណបសរុប៤គ្រឿងទៀត ទៅដាក់ក្នុងគន្លង អវកាស នៅត្រឹមឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពឈ្លបយកការណ៍ពីទីអវកាស ចំពោះមុខការកើនឡើង ការគំរាមកំហែង ពីមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់កូរ៉េខាងត្បូងធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង ក៏បានប្តេជ្ញាផងដែរថា នឹងបាញ់បង្ហោះផ្កាយរណបចារកម្ម ៣គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំនេះ។

កាលពីវិច្ឆិកា ឆ្នាំមុន កូរ៉េខាងជើង បានយកផ្កាយរណបស៉ើបការណ៍យោធាដំបូងបំផុតរបស់ខ្លួន ទៅដាក់ដល់ទីអវកាសដោយជោគជ័យ ក្រោយ បានទទួលរងបរាជ័យ២លើក ហើយបានអះអាងថា វាបានថតយករូបភាពមួយចំនួន នៃមូលដ្ឋានយោធា សំខាន់ៗរបស់កូរ៉េខាងត្បូង និងរបស់សហរដ្ឋអាមេរិក នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។