បណ្តាញសង្គម

ចិន ប្រកាសប្រឆាំងនិងបង្រ្កាបការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់

 ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បានប្រកាសថា រដ្ឋាភិបាលចិន មិនអត់ឱនឡើយ ចំពោះការវាយប្រហារ តាមអ៉ីនធឺណេតគ្រប់ទម្រង់ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេស ឬបុគ្គលណាមួយធ្វើសកម្មភាពខុសច្បាប់ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។

ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីហ្វីលីពីននិយាយថា មានក្រុម hacker មកពីចិនព្យាយាមលូចចូល គេហទំព័ររបស់រដ្ឋាភិបាល រួមទាំងគេហទំព័រផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Ferdinand Marcos Jr ប៉ុន្តែបរាជ័យ។

ហ្វីលីពីន មិនបាននិយាយថា ក្រុម hacker ទាំងនោះមានទំនាក់ទំនងជាមួយរដ្ឋណាមួយទេ ប៉ុន្តែបានរកឃើញថាក្រុម hacker កំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនរដ្ឋចិន ឈ្មោះ Unicom។ យ៉ាងនេះក្តី ក្រុមហ៊ុន Unicom មិនទាន់មានការឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ហ្វីលីពីន កំពុងធ្វើការលើយុទ្ធសាស្ត្រសន្តិសុខតាមអ៉ីនធឺណេត រយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងការការពារតាមអ៉ីនធឺណេតរបស់ខ្លួន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ ។