បណ្តាញសង្គម

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន បើជាប់ឆ្នោតជាថ្មី

 បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះ អាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News ដោយនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ ដែលថាលោកអាច នឹងពិចារណាដាក់ទណ្ឌកម្មដំឡើងពន្ធ៦០ភាគរយលើទំនិញចិន ប្រសិនបើលោក ជាប់ ឆ្នោត លោក ត្រាំ បានអះអាងថា លោក អាចនឹងដំឡើងពន្ធច្រើនជាងនេះទៅទៀត។

សូមបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិន រាប់ រយពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច ទាំង២ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។