បណ្តាញសង្គម

ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យជាតិ ក្រោយអតីតប្រធានាធិបតី លោក ឌូតឺតេ ប្រកូកប្រកាសចង់បានឯករាជ្យសម្រាប់កោះ Mindanao

 រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន កាលពីថ្ងៃចន្ទ បានសម្តែងការប្តេជ្ញាចិត្ត ដើម្បីការពារអធិបតេយ្យជាតិ ក្រោយការគំរាមចង់ធ្វើអបគមន៍ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។

កាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ លោក Duterte បានប្រកូកប្រកាសចង់ឱ្យមានការផ្តល់ឯករាជ្យ សម្រាប់កោះ Mindanao ដែលជាទីកំណើតរបស់លោក នៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈសម្ព័ន្ធភាពរវាងលោកជាមួយប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺលោក Ferdinand Marcos Jr បានដួលរលំទៅវិញកាលពីសប្តាហ៍មុន ដោយសារតែការខ្វែងគំនិតគ្នា ជុំវិញកិច្ចប្រឹងប្រែងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ប្រមុខការពារជាតិហ្វីលីពីន លោក Gilberto Teodoro កាលពីថ្ងៃចន្ទ បាននិយាយថា តួនាទីរបស់ក្រសួងការពារជាតិហ្វីលីពីន គឺធានាការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយក្រសួង នឹងអនុវត្តតួនាទីនេះយ៉ាងខ្ជាប់ខ្ជួនបំផុត។

សម្តីរបស់លោក Teodoro គឺជាការបន្ទរសេចក្តីថ្លែងការណ៍ ធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដែលបាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា រដ្ឋាភិបាលហ្វីលីពីន នឹងមិនស្ទាក់ស្ទើរដាច់ខាត ក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងចង់បំបែកប្រទេសហ្វីលីពីន។រីឯប្រមុខកងទ័ពហ្វីលីពីន លោក Romeo Brawner ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាផងដែរ។

សូមបញ្ជាក់ថា លោក Duterte បានបង្កើតប្រវត្តិសាស្រ្ត តាមរយៈការក្លាយជាប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលមានប្រភពចេញមកពីកោះ Mindanao ដែលត្រូវបានញាំញីដោយអំពើហិង្សានិងជម្លោះ អស់រយៈពេលរាប់ទសវត្សរ៍ ខណៈរដ្ឋាភិបាលហ្វីលីពីន បានប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាម និងក្រុមជ្រុលនិយម នេះបើតាមការផ្សាយរបស់ Reuters ។