បណ្តាញសង្គម

ចិនចោទថា អាមេរិកកំពុងប្រើហ្វីលីពីនធ្វើជាកូនអុក នៅសមុទ្រចិនខាងត្បូង

 កាលពីថ្ងៃពុធ ចិន បានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ប្រទេសហ្វីលីពីន ធ្វើជាកូន អុករបស់ខ្លួននៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើង រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញបញ្ហាជម្លោះទឹកដីនៅដែនសមុទ្រនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ចិនសូមទទូច ឱ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនធ្វើជាកូនអុករបស់ខ្លួនតទៅទៀត ដើម្បីបង្កបញ្ហានៅសមុទ្រចិន ខាងត្បូង។ ចំណែកឯហ្វីលីពីនផ្ទាល់វិញ មិនគួរបណ្តោយឱ្យខ្លួនស្ថិតនៅក្នុងកណ្តាប់ដៃរបស់អាមេរិក បែបនេះឡើយ»។

ក្នុងថ្ងៃដដែលនេះខាងហ្វីលីពីន ក៏បានចេញមុខចោទប្រកាន់លើចិនផងដែរថា កំពុងតែធ្វើ សកម្មភាព បង្កបញ្ហាដោយចេតនា នៅសមុទ្រចិនខាងត្បូង។ សូមបញ្ជាក់ថា ជាច្រើនខែមកនេះ ចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់នៅសមុទ្រ ចិនខាងត្បូង ដែលជាដែនសមុទ្រមានបញ្ហាវិវាទ។

កាលពីថ្ងៃអង្គារ ឆ្នាំសមុទ្រហ្វីលីពីន បានអះអាងថា នាវា របស់ខ្លួន១គ្រឿង បានរងការខូចខាត ក្រោយការបុកទង្គិចជាមួយនាវាឆ្មាំសមុទ្រចិន១គ្រឿង អំឡុងបេសក កម្មផ្គត់ផ្គង់មួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង។

ការប៉ះទង្គិចរវាងឆ្មាំសមុទ្រចិន និងហ្វីលីពីនរបៀបនេះ ក៏ធ្លាប់កើតមានផងដែរ កាលពីខែធ្នូ ឆ្នាំ២០២៣ នេះបើតាមការផ្សាយរបស់ AFP ។