បណ្តាញសង្គម

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមេបញ្ជាការកំពូលរុស្ស៊ី ចំនួន ២រូប

 នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន មេបញ្ជាការយោធារុស្ស៊ី លោក Sergei Ivanovich Kobylash និងលោក Viktor Nikolaevich Sokolov ដោយចោទប្រកាន់ពួកគេទាំងពីររូប ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។

តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយថា «មានមូលហេតុសមហេតុផល ក្នុងការ ជឿថា ជនសង្ស័យទាំងពីរនាក់ខាងលើ ទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល ដែលធ្វើឡើង ដោយកងកម្លាំង ក្រោមការបញ្ជារបស់ពួកគេ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ចាប់តាំង ពីខែ តុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នេះជាដីកាចាប់ខ្លួនលើកទីពីរហើយ ចំពោះមន្ត្រីរុស្ស៊ីពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។

កាលពីខែមីនាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ធ្លាប់បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin និងស្នងការកុមារ លោកស្រី Maria Lvova Belova ពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែនផងដែរ នេះបើតាមការផ្សាយរបស់ AFP ។