បណ្តាញសង្គម

យន្ដហោះចម្បាំង Tejas របស់ឥណ្ឌា ធ្លាក់ជាលើកដំបូង ក្នុងពេល ៨ឆ្នាំ

  (ញូវដេលី)៖ យន្ដហោះចម្បាំងផលិតក្នុងស្រុកមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃអង្គារ ទី១២ ខែមីនា នៅរដ្ឋ Rajasthan ស្ថិតនៅភាគខាងលិច នៃប្រទេស ដែលនេះជាគ្រោះថ្នាក់ធ្លាក់លើកដំបូងបំផុតចាប់តាំងពីយន្ដហោះចម្បាំងមួយនេះត្រូវបានដាក់ឱ្យប្រើ កាលពីជាង៨ឆ្នាំមុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពអាកាសឥណ្ឌាបានឱ្យដឹងថាពីឡុតបើកយន្ដហោះចម្បាំង Tejas បានលោតឆត្រយោងចេញយន្ដហោះដោយសុវត្ថិភាព តែមិនទាន់ មានការបញ្ជាក់លម្អិតពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំងនេះធ្លាក់នោះទេ។

Tejas ឬមានន័យថាអណ្ដាតភ្លើង ក្នុងភាសាសំស្ត្រឹត គឺជាប្រភេទយន្ដហោះចម្បាំង ធុនស្រាលដែលត្រូវបានដាក់ឱ្យកងទ័ពអាកាសឥណ្ឌាប្រើប្រាស់កាលពីឆ្នាំ២០១៦ ហើយវាគឺជាយន្ដហោះចម្បាំងផលិតក្នុងស្រុក នៅក្រោមមហិច្ឆតារបស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី ដែលចង់ឃើញឥណ្ឌាលែងពឹងផ្អែកលើការនាំចូលអាវុធពីបរទេស។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា កាលពីឆ្នាំ២០២១ បានផ្ដល់កិច្ចសន្យាមានទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Hindustan Aeronautics Limited ផលិតយន្ដហោះចម្បាំង Tejas ចំនួន ៨៣គ្រឿង៕

ដកស្រង់ពី៖ Fresh News