បណ្តាញសង្គម

អូស្រ្តាលីមានទំនុកចិត្តថា នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ ទោះបីជាសហរដ្ឋអាមេរិកកាត់បន្ថយសំណើកញ្ចប់ថវិកា

 រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី បាននិយាយកាលពីថ្ងៃពុធថា អូស្រ្តាលី មានទំនុកចិត្តថា សហរដ្ឋអាមេរិក នឹងបំពេញតាមការសន្យាលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS បន្ទាប់ពីសហរដ្ឋអាមេរិក កាត់បន្ថយថវិកាស្នើសុំ ហើយបង្កក្តីបារម្ភថា ការលក់នាវាមុជទឹកនោះ អាចត្រូវពន្យាពេល ឬលុបចោល។

លោក Pat Conroy បានថ្លែងថា អូស្រ្តាលីមានទំនុកចិត្តពេញលេញលើកិច្ចព្រមព្រៀង AUKUS ហើយជឿថា សហរដ្ឋអាមេរិក កំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវកន្លែងផលិតកប៉ាល់របស់ខ្លួន ដូច្នេះពួកគេ អាចផលិតនាវាមុជទឹកប្រភេទ Virginia class សម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរបាន សូមបញ្ជាក់ថា ក្រោមភាពជាដៃគូ AUKUS ដែលចុះហត្ថលេខាកាលពីឆ្នាំ ២០២១ សហរដ្ឋអាមេរិក នឹងលក់នាវាមុជទឹក Virginia class ចន្លោះពី២ទៅ៣គ្រឿងមកឱ្យអូស្រ្តាលី នៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដើម្បីបានប្រើប្រាស់សិន ខណៈអូស្រ្តាលីរួមជាមួយអង់គ្លេស ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទថ្មីសន្លាង SSN-AUKUK class ដែលត្រូវរំពឹងថា នឹងសម្រេចបាននៅពេលខ្ទង់ ១ទសវត្សរ៍បន្ទាប់ពីនោះ។

ក្តីបារម្ភអំពីឆន្ទៈក្នុងការលក់នាវាមុជទឹកអាមេរិក បានលេចឡើងខ្លាំងក្នុងសប្តាហ៍នេះ ក្រោយពេលដែលរដ្ឋបាល លោក បៃដិន កាត់បន្ថយសំណើរសុំកញ្ចប់ថវិការបស់ខ្លួន លើការផលិតនាវា Virginia class នេះបើតាមការផ្សាយរបស់ Reuters ។