បណ្តាញសង្គម

លោក ពូទីន អះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺល្អជាងរបស់អាមេរិកទៅទៀត

 កាលពីថ្ងៃពុធ ថ្លែងក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ី ទាំងប្រភេទបាញ់ចេញពីដីគោក ផ្ទៃសមុទ្រ និង អាកាស គឺខ្លាំងហើយទំនើបជាងឆ្ងាយ បើប្រៀបធៀបជាមួយរបស់សហរដ្ឋអាមេរិក។

ក្នុងបទសម្ភាសខាងលើ លោក ពូទីន បាននិយាយថា រុស្ស៉ីត្រៀមខ្លួនជានិច្ចសម្រាប់សង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យជាតិរុស្ស៉ី ស្ថិតក្រោមការគំរាមកំហែង។ សូមបញ្ជាក់ថា រុស្ស៉ី គឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនជាងគេបង្អស់នៅលើពិភពលោក។ យោងតាមអង្គការ Federation of American Scientists លោក ពូទីន សព្វថ្ងៃគ្រប់គ្រងក្បាលគ្រាប់ នុយក្លេអ៊ែរសរុបប្រមាណ ៥,៥៨០គ្រាប់។

ក្នុងចំណោមនោះប្រហែល១,២០០គ្រាប់ ត្រូវបានដាក់ឱ្យចូល និវត្តន៍ ប៉ុន្តែភាគច្រើននៅមានលក្ខណៈល្អធម្មតា ហើយ៤,៣៨០គ្រាប់ ស្ថិតក្នុងឃ្លាំងសម្រាប់ធ្វើ ប្រតិបត្តិ ការ។

ក្នុងចំណោមគ្រាប់ដែលស្ថិតក្នុងឃ្លាំង ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្តចំនួន១,៧១០គ្រាប់ ត្រូវបាន ដាក់ពង្រាយ ដោយ៨៧៩គ្រាប់ ដាក់លើមីស៉ីលបាលិស្ទីគប្រភេទបាញ់ពីដីគោក, ៦៤០គ្រាប់ដាក់លើ មីស៉ីលបាលិស្ទីគ ប្រភេទបាញ់ពីនាវាមុជទឹក និងប្រហែល២០០គ្រាប់ ដាក់នៅមូលដ្ឋានរបស់កងយន្តហោះ ទម្លាក់គ្រាប់បែកធុនធ្ងន់ នេះបើតាមការផ្សាយរបស់ AFP ។