បណ្តាញសង្គម

អ៊ុយក្រែន ប្រាប់ពលរដ្ឋរងគ្រោះ អាចចុះឈ្មោះទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ ដោយសារសង្រ្គាមរបស់រុស្ស៉ី

  (កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនអ៊ុយក្រែន អាចចាប់ផ្តើមប្តឹងទាមទារសំណង ការខូចខាត ដែលពួកគេទទួលរងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី តាមកម្មវិធីបង្កើតថ្មីមួយ ដែលចុះនៅក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់។

នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។ ក្នុងសន្និសីទរៀបចំឡើងដោយរដ្ឋាភិបាលហូឡង់ ដើម្បីពិភាក្សាអំពីការទទួលខុសត្រូវផ្នែកច្បាប់ លោក Kuleba បានឱ្យដឹងទៀតថា ជំហានដំបូងការចុះឈ្មោះផ្តោតលើ ការខូចខាតចំពោះអចលនទ្រព្យ ប៉ុន្តែអាចពង្រីកបន្ថែមដល់សម្ភារៈ និងការខូចខាតផ្សេងទៀត។

លោក Kuleba បញ្ជាក់ថា «នេះគឺជាជំហានជាក់លាក់ដំបូង ដែលត្រូវបាន ធ្វើឡើង។ វាមានសារៈសំខាន់មិនតិចទេ ក្នុងការបង្កើតជាយន្តការផ្តល់សំណងអន្តរជាតិពេញលេញ និងរឹបអូសទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក»។

គួរបញ្ជាក់ថា ទាំងពលរដ្ឋអ៊ុយក្រែន និងជនបរទេស ដែលទទួលរងការខូចខាតទ្រព្យសម្បត្តិក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីរបស់រុស្ស៉ីបើកការវាយលុក នៅខែកុម្ភៈ ឆ្នាំ ២០២២ អាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន។

ពួកគេអាចដាក់ពាក្យតាមរយៈកម្មវិធីពិសេស ដែលប្រើដើម្បីទូទាត់ប្រតិបត្តិការស្របច្បាប់ និងរក្សាទុកឯកសារផ្លូវការ ជាឌីជីថល។ ត្រឹមតែប៉ុន្មានម៉ោងនៃការបើកការឱ្យចុះឈ្មោះ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មានបណ្តឹងចំនួន ១០០ហើយ។ ក្រុមមន្ត្រីអ៊ុយក្រែនរំពឹងថានឹងមានការទាមទារ សំណងពីបុគ្គលជាង ៨លាននាក់៕

ដកស្រង់ពី៖ Fresh News