បណ្តាញសង្គម

ក្រុមរដ្ឋមន្រ្តីការបរទេស NATO នឹងពិចារណាលើផែនការផ្តល់ជំនួយយោធាសរុប ១០០ពាន់លានអឺរ៉ូ ក្នុងរយៈពេល៥ឆ្នាំ សម្រាប់អ៊ុយក្រែន

 (ព្រុចសែល)៖ ក្រុមរដ្ឋមន្រ្តីការបរទេស NATO ត្រូវជួបគ្នានាថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីមធ្យោបាយស្វែងរកយន្តការរឹងមាំយូរអង្វែងមួយ សម្រាប់ការគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងសំណើផ្តល់មូលធិនិសរុបចំនួន ១០០ពាន់លានអឺរ៉ូ ឬស្មើនឹង១០៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ហើយនិងផែនការមួយ ដែលត្រូវបានមើលឃើញថា ជាវិធីដើម្បីការពារកុំឱ្យលោក ដូណាល់ ត្រាំ អាចកាត់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើលោកត្រឡប់មកក្លាយជា ប្រធានាធិបតីអាមេរិក ម្តងទៀត។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រុមអ្នកការទូតលោកខាងលិច បាននិយាយថា សំណើរបស់អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នឹងផ្តល់ឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នូវតួនាទីដែលមានលក្ខណៈចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាងមុន នៅក្នុងកិច្ចការងារសម្របសម្រួលការផ្តល់សព្វាវុធ គ្រាប់រំសេវ និងបរិក្ខារយោធាផ្សេងៗទៀត ឱ្យទៅអ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី តាំងតែពីឆ្នាំ២០២២មក។

ផែនការទាំងនោះ នឹងត្រូវពិភាក្សាអំឡុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក ក្នុងឱកាសខួប៧៥ឆ្នាំ នៃការបង្កើតអង្គការ NATO ហើយជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល រវាងមេដឹកនាំ NATO ដែលត្រូវប្រព្រឹត្តទៅនៅ ទីក្រុងវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំនេះ។

កិច្ចប្រជុំនេះនឹងបង្ហាញឱ្យឃើញថា តើសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន មានឆន្ទៈខ្ពស់ដល់កម្រិតណា ក្នុងការគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ចំពេលមួយ ដែលកញ្ចប់ជំនួយយោធាដ៏ធំសម្បើមសម្រាប់អ៊ុយក្រែន គឺប្រមាណ៦០ពាន់លានដុល្លារ កំពុងតែបន្តជាប់គាំងនៅក្នុងសភាអាមេរិក។

នៅក្រោមផែនការខាងលើ NATO នឹងទទួលបន្ទុកការងារសម្របសម្រួលមួយចំនួន ជំនួសក្រុមចម្រុះ Ukraine Defence Contact Group ដែលដឹកនាំដោយអាមេរិក ខណៈជំហាននេះត្រូវបានមើលឃើញថា មានហេតុផលមួយផ្នែក គឺដើម្បីការពារប្រឆាំងទៅនឹង លទ្ធភាពនៃការកាត់បន្ថយណាមួយក្នុងជំនួយរបស់អាមេរិក ប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាចនៅសេតវិមាន សាជាថ្មី ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំនេះ។

គួរបញ្ជាក់ថា មកទល់ឥឡូវ NATO ក្នុងនាមជាអង្គការទាំងមូល គឺបានផ្តោតតែទៅលើ ប្រភេទជំនួយយោធាដែលមិនគំរាមកំហែងអាយុជីវិតប៉ុណ្ណោះ សម្រាប់អ៊ុយក្រែន ដោយសារក្តីព្រួយបារម្ភថា ការដើរតួនាទីពាក់ព័ន្ធដោយផ្ទាល់លើសពីនេះ អាចនឹងបង្កើនភាពតានតឹងដល់កម្រិតកាន់តែខ្លាំងជាមួយរុស្ស៉ី។ ទោះជាបែបនេះក៏ដោយ សមាជិករបស់ NATO បានផ្តល់សព្វាវុធគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារឱ្យអ៊ុយក្រែន ក្រោមគោលការណ៍ទ្វេភាគី។

បើតាមក្រុមអ្នកការទូត បច្ចុប្បន្ននេះ មានការយល់ឃើញកាន់តែកើនឡើង ក្នុងចំណោម NATO ថា វាហាក់ដល់ពេលហើយ ដែលត្រូវរិះរកមធ្យោបាយ ដើម្បីដាក់ការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ឱ្យស្ថិតក្រោមយន្តការដែលមាននិរន្តរភាពជាងមុន ហើយ NATO គឺជាកន្លែងដែលប្រសើរជាងគេបំផុត ដើម្បីធ្វើបែបនោះ៕

ដកស្រង់ពី Fresh News