បណ្តាញសង្គម

ហ្វីលីពីន និងជប៉ុន លុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីវាយប្រហារតៃវ៉ាន់ (Video inside)

(ម៉ានីល)៖ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីហ្វីលីពីន បានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ នៅភាគខាងជើងនៃប្រទេសវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិតធ្ងន់មួយវាយប្រហារកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ខណៈជប៉ុនបានលុបចោលការណែនាំពាក់ព័ន្ធនឹងការប្រកាសអាសន្ននេះដែរ។

នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អាជ្ញាធរហ្វីលីពីនបានបង្គាប់ឱ្យប្រជាជនជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព នៅក្នុងខេត្ត Batanes, Cagayan, Ilocos Norte និង Isabela ក្រោយគ្រោះរញ្ជួយដី កម្រិត ៧.៤រ៉ិចទ័រ បង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ នៅកោះតៃវ៉ាន់ ជប៉ុន និងហ្វីលីពីន។

ប៉ុន្តែ មានប្រជាជនតិចតួចប៉ុណ្ណោះត្រូវបានរាយការណ៍ថាបាន ជម្លៀសខ្លួនតាមការបង្គាប់ពីអាជ្ញាធរ មុននឹងការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានលុបចោលនៅប៉ុន្មានម៉ោងក្រោយ។ «ផ្អែកលើព័ត៌មានដែលទទួលបានពីស្ថានីយតាមដានកម្រិតទឹកសមុទ្ររបស់យើង មិនមានរលកទឹកសមុទ្រគ្រោះថ្នាក់ណាមួយត្រូវបានកត់ត្រានោះទេចាប់តាំងពីម៉ោង ៧៖៥៨នាទីព្រឹក (ម៉ោងក្នុងតំបន់) ជាហេតុជំរុញឱ្យមានការសម្រេចចិត្តលុបចោលការប្រកាសអាសន្ននេះ»។

នេះជាការបញ្ជាក់របស់ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយ ដីហ្វីលីពីន។ គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ៣៤.៨គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថាគ្រោះរញ្ជួយដីនេះមានកម្រិង ៧.៥រ៉ិចទ័រ៕

ដកស្រង់ពី៖ Fresh News