បណ្តាញសង្គម

របាយការណ៍ UN៖ ចំនួនមនុស្សស្លាប់និងរបួស ដោយសារគ្រាប់មីននៅមីយ៉ាន់ម៉ា កើនឡើងលើស១,០០០នាក់ កាលពីឆ្នាំ២០២៣

 (ណៃពិដោ)៖ អង្គការ UNICEF របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ចំនួនជនស៉ីវិលរួមមានទាំងកុមារ ដែលបានបាត់បង់ជីវិតនិងរងរបួស ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងក្នុងអត្រាជិត៣ដង កាលពីឆ្នាំ២០២៣ គឺដល់ចំនួន១,០៥២នាក់ ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងហែកហួរដោយសារការប្រយុទ្ធគ្នារវាងរបបដឹកនាំយោធា ហើយនិងក្រុមចលនាតស៊ូ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។ របាយការណ៍របស់ UNICEF បាននិយាយថា គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធគ្នា បានបណ្តាលឱ្យចំនួនជនរងគ្រោះកើនក្នុងអត្រា រហូតដល់២៧០ភាគរយ កាលពីឆ្នាំមុន ក្នុងនោះរួមមាន១៨៨នាក់ស្លាប់ និង៨៦៤នាក់របួស ខណៈកាលពីឆ្នាំ២០២២ ចំនួនជនរងគ្រោះ ដោយសារយុទ្ធភណ្ឌទាំងនេះ មានត្រឹម៣៩០នាក់។

បើតាម UNICEF ក្នុងចំណោមជនរងគ្រោះ កាលពីឆ្នាំ២០២៣ មានកុមារជាង២០ភាគរយ។ គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី នៅឆ្នាំ២០២១។

ជម្លោះរវាងកងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមចលនាតស៊ូប្រឆាំងរបបសឹក បានប្រែក្លាយមីយ៉ាន់ម៉ា ឱ្យទៅជាប្រទេសដែលសម្បូរទៅដោយគ្រាប់មីនបំផុតមួយ លើពិភពលោក។ UNICEF បានអះអាងថា គ្រាប់មីននិងគ្រឿងផ្ទុះផ្សេងទៀត ត្រូវបានប្រើប្រាស់ដោយរើសមុខឡើយ ដោយភាគីទាំងសងខាង ចំពោះមុខការកើនឡើងនៃស្ថានភាពជម្លោះ៕

ដកស្រង់ពី៖ Fresh News