បណ្តាញសង្គម

ហ្វាំងឡង់-អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្តិសុខ ខណៈលោក ហ្សេលេនស្គី ព្រមានពីផែនការកែនទ័ពបន្ថែមរបស់រុស្ស៉ី (Video inside)

(កៀវ)៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb កាលពីថ្ងៃពុធសប្តាហ៍នេះ បានចុះកិច្ចព្រមព្រៀងសន្តិសុខមានអាយុកាល ១០ឆ្នាំជាមួយ អ៊ុយក្រែន នៅក្នុងទីក្រុងកៀវ ជាទីដែលលោកប្រធានាធិបតី ហ្សេលេនស្គី លើកឡើងថា រុស្ស៉ីមានផែនការកែនទ័ពបន្ថែមចំនួន ៣០០,០០០នាក់ សម្រាប់ សង្រ្គាមរបស់ខ្លួននៅខែមិថុនាខាងមុខ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។ លោក Stubb បានបញ្ជាក់ថា ហ្វាំងឡង់ក៏នឹងផ្តល់ជំនួយយោធាគិតជាទឹកប្រាក់ ១៨៨លានអឺរ៉ូ ឬស្មើនឹង ២០៣លានដុល្លារផងដែរ ដល់អ៊ុយក្រែនសម្រាប់ ការពារដែនអាកាស និងគ្រាប់រំសេវធុនធ្ងន់។

លោក Stubb បានប្រាប់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងកៀវ យ៉ាងដូច្នេះថា «យើងមិនផ្តល់ជំនួយយោធានេះ ដើម្បីតែឱ្យអ៊ុយក្រែនការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ឱ្យអ៊ុយក្រែនឈ្នះសង្រ្គាម»។ ដោយមិនបានផ្តល់ភស្តុតាងណាមួយ លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំអាចនិយាយបានថារុស្ស៉ីកំពុងរៀបចំកែនកងទ័ពចំនួន ៣០០,០០០នាក់ នៅថ្ងៃទី១ ខែមិថុនា។

យើងយល់ច្បាស់ពីអ្វីដែលរុស្ស៉ីកំពុងរៀបចំ អ្វីដែលពួកគេចង់បានពីការប្រមូលផ្តុំកងទ័ពនេះ»។ ចំណែកអ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន អំពីផែនការកែនទ័ពថ្មីនោះ គឺជារឿងមិនពិត។

គួរបញ្ជាក់ថា ហ្វាំងឡង់ដែលមានព្រំដែនប្រវែល ១,៣៤០គីឡូម៉ែត្រជាមួយរុស្ស៉ី បានក្លាយជាសមាជិកអង្គការណាតូកាលពីឆ្នាំ២០២៣។ កតិកាសញ្ញាដែល ចុះហត្ថលេខាដោយប្រធានាធិបតីនៃប្រទេសទាំងពីរ បានធ្វើឱ្យហ្វាំងឡង់ក្លាយជាសមាជិកណាតូទី៨ នៅឆ្នាំនេះដែលបង្ហាញការប្តេជ្ញាចំពោះ កិច្ចសហប្រតិបត្តិការសន្តិសុខរយៈពេលវែង និងការគាំទ្រផ្នែកការពារជាតិសម្រាប់ទីក្រុងកៀវ៕

ដកស្រង់ពី៖ Fresh News