បណ្តាញសង្គម

ស្រីលង្កាថា មិនឃើញមានភាពចាំបាច់ត្រូវពិភាក្សាជាមួយឥណ្ឌា ជុំវិញបញ្ហាដែនកោះដែលប្រគល់មកឱ្យខ្លួន គ្រប់គ្រងរាប់ឆ្នាំមកហើយ

 រដ្ឋមន្រ្តីការបរទេសស្រីលង្កា បាននិយាយថា ស្រីលង្កាមិនឃើញមានភាពចាំបាច់ដើម្បីបើកកិច្ចចរចា ជុំវិញ បញ្ហាដ៏ចម្រូងចម្រាសមួយលើកោះ ដែលឥណ្ឌាប្រគល់មកឱ្យខ្លួនកាលពី ៥០ឆ្នាំមុននោះទេ។

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានលើកពីបញ្ហាមិនសប្បាយ ចិត្តក្នុងចំណោមអ្នកនេសាទឥណ្ឌា បន្ទាប់ពីមានកិច្ចព្រមព្រៀងឆ្នាំ ១៩៧៦ រវាងប្រទេសជិតខាងទាំងពីរ ដែលបានរារាំងពួកគេពីការនេសាទក្នុងដែនទឹកជុំវិញកោះនោះ។

រដ្ឋមន្រ្តីការបរទេសស្រីលង្កា លោក Ali Sabry បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា «នេះជាបញ្ហាពិភាក្សាគ្នា និងដោះស្រាយកាលពី៥០ឆ្នាំមុន ហើយវា គ្មានអ្វីចាំបាច់ត្រូវពិភាក្សាបន្ថែមទៀតទេ។ ខ្ញុំគិតថា វានឹងមិនលេចឡើងទេ ព្រោះគ្មាននរណាម្នាក់ លើកជា សំណួរអំពីការផ្លាស់ប្តូរភាពដើមនៃកោះ ដែលមានស្ថិតនៅចម្ងាយ ៣៣គីឡូម៉ែត្រពីឆ្នេរសមុទ្រឥណ្ឌា នៅឯ ច្រកសមុទ្រ Palk ជាទីខណ្ឌចែកឥណ្ឌា-ស្រីលង្កា នោះទេ»។

សូមបញ្ជាក់ថា ឥណ្ឌា បានប្រគល់កោះមួយនៃច្រកសមុទ្រ Palk ទៅឱ្យស្រីលង្កាកាលពីឆ្នាំ ១៩៧៤ ហើយ សម្រេចបានកតិកាសញ្ញាស្តីពីអ្នកនេសាទនៅឆ្នាំ១៩៧៦ ប៉ុន្តែមានការមិនសប្បាយចិត្តចំពោះការប្រគល់នេះ បូករួមជាមួយការថយចុះនៃសិទ្ធិអ្នកនេសាទ បានជំរុញឱ្យមានបញ្ហាចម្រូងចម្រាស់ក្នុងតុលាការ ដែលនៅ មិនទាន់ដោះស្រាយបាន ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ នេះបើតាមការផ្សាយរបស់ Reuters ។