បណ្តាញសង្គម

អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារដោយយន្តហោះដ្រូន ២៤គ្រឿង បង្កការខូចដល់ហេដ្ឋារចនាសម្ព័ន្ធ

 (កៀវ)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនច្រើនជាង ២០គ្រឿងមកលើអ៊ុយក្រែន បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ Zhytomyr នៅភាគកណ្តាល និងបំផ្លាញកន្លែងដឹកជញ្ជូននៅឯភាគខាងត្បូងប្រទេស។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ ២០២៤។ ក្រុមប្រឹក្សាក្រុង Zvyahel នៃតំបន់ Zhytomyr បានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាលឱ្យមានការបំពុលខ្យល់។

កងទ័ពអាកាសអ៊ុយក្រែន បានអះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ដែលរុស្ស៉ីប្រើក្នុងការវាយប្រហារនោះចំនួន ១៧គ្រឿងក្នុងចំណោម ២៤គ្រឿងមកលើតំបន់ Odesa, Mykolaiv, Kirovohrad, Khmelnytskyi និង Zhytomyr។

ជាមួយគ្នានេះមីស៉ីល Kh-59 ដែលរុស្ស៉ីបាញ់ ត្រូវបានបំផ្លាញលើតំបន់ Dnipropetrovsk។ ភ្លាមៗ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរបួសនោះទេ។ គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យាបានទេ ខណៈរុស្ស៉ីមិនមានការអត្ថាធិប្បាយនៅឡើយទេ ជុំវិញព័ត៌មាននេះ៕

ដកស្រង់ពី៖ Fresh News