បណ្តាញសង្គម

ប្រជាជនអ៉ីស្រាអែល រាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យដោះលែងចំណាប់ខ្មាំង ខណៈសង្រ្គាមហ្កាហ្សាគម្រប់ខួប ៦ខែ (Video inside)

(ហ៊្សេរុយសាឡិម)៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងហ៊្សេរុយសាឡិម នៃប្រទេសអ៉ីសា្រអែល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីទាមទារឱ្យមាន ការដោះលែងចំណាប់ខ្មាំងប្រហែល ១៣០នាក់ ដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សានៅឡើយ បន្ទាប់ពី៦ខែមកហើយនៃសង្គ្រាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស។

នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ ២០២៤។ បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ក្រុមហាម៉ាសដែលសម្រុកចូលទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយសម្លាប់មនុស្ស ១,២០០នាក់ បានប្រព្រឹត្តិអំពើហិង្សាផ្លូវភេទលើចំណាប់ខ្មាំងមួយចំនួន។

មកទល់នឹងពេលនេះ នៅសល់ចំណាប់ខ្មាំងប្រហែល ១៣០នាក់ ដែលមិនទាន់ត្រូវបានដោះលែងក្រោយ កិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា។ ប៉ុន្តែក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ។

ខណៈកិច្ចពិភាក្សាគ្នាដើម្បីទទួលបានបទឈប់បាញ់មួយផ្សេងទៀត ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងនៅសល់ បន្តធ្វើឡើងវិញនៅឯអេហ្ស៉ីបកាលពីថ្ងៃអាទិត្យ ក្រុមគ្រួសារចំណាប់ខ្មាំង នៅតែមានការព្រួយបារម្ភ ដោយសារតែការចរចាលើកមុនៗមិនមានលទ្ធផល ហើយចំណាប់ខ្មាំងខ្លះត្រូវស្លាប់ក្នុងការឃុំឃាំងនៅតំបន់ហ្គាហ្សា។ អ្នកតវ៉ាម្នាក់និយាយថា «ក្រុមគ្រួសារចំណាប់ខ្មាំង និងមនុស្សគ្រប់គ្នានៅទីនេះឆ្អែតឆ្អន់ហើយ ពិភពលោកត្រូវតែក្រោកឈរឡើង ហើយនាំពួកគេត្រលប់មកផ្ទះវិញ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Netanyahu កើតមានកាន់តែខ្លាំងឡើង ដោយក្រុមអ្នករិះគន់ មួយចំនួនចោទប្រកាន់មេដឹកនាំជើងចាស់រូបនេះថា បាននិងកំពុងបន្លាយពេលរកកិច្ចព្រមព្រៀងមួយ។ តែលោក Netanyahu បានទាត់ចោលនូវការចោទប្រកាន់បែបនោះ៕

ដកស្រង់ពី៖ Fresh News