បណ្តាញសង្គម

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រកាសផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលបន្ថែម ឱ្យអ៊ុយក្រែន

 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រកាសថា នឹងផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលចំនួន៥គ្រឿង បន្ថែមទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធ Patriot និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធប្រឆាំងមីស៊ីល ផលិតដោយសហរដ្ឋអាមេរិកមួយនេះ។

ការប្រកាសពីការផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលឱ្យអ៊ុយក្រែន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ រូម៉ានី និងហូឡង់ នាឱកាស នៃកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោន និង ខួប៧៥ឆ្នាំនៃការបង្កើតបក្សសម្ព័ន្ធយោធាមួយនេះ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា។

សេចក្ដីថ្លែងការណ៍ ឱ្យ ដឹងទៀតនៅប៉ុន្មានខែខាងមុខ បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ក៏មានបំណងផ្ដល់ប្រព័ន្ធការពារដែនអាកាសរាប់ សិបគ្រឿងបន្ថែមឱ្យទីក្រុងកៀវផងដែរ។ ការប្រកាសពីការផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន បានអះអាងថា ជនស៊ីវិល យ៉ាងហោច ៤១នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ីលើទីក្រុងកៀវ និងបណ្ដាក្រុង ជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្តាហ៏។

សូមបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនជាង ៥០ពាន់លានដុល្លារ ប៉ុន្តែជំនួយយោធាអាមេរិក បានជាប់គាំងនៅក្នុងសភាអាមេរិកអស់រយៈពេលជាច្រើនខែ មុននឹងត្រូវបានអនុម័ត ដែលនេះបានទុកឱកាសឱ្យកងទ័ពរុស្ស៉ីវាយដណ្ដើមទឹកដីបន្ថែមពីអ៊ុយក្រែន នារយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើតាមការផ្សាយរបស់ Reuters។