បណ្តាញសង្គម

នាវាផ្ទុកយន្ដហោះចម្បាំងចិន ធ្វើសមយុទ្ធក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច

 ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានឲ្យដឹងថា យន្ដហោះយោធាចិនចំនួន ៣៦គ្រឿង បានហោះហើរនៅភាគខាងត្បូង និងភាគអាគ្នេយ៍កោះតៃវ៉ាន់ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយនាវាផ្ទុកយន្ដហោះចម្បាំង Shandong។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានបញ្ជាក់ពីព័ត៌មានខាងលើប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសភា ជាមួយការបន្ថែមថា យន្ដហោះយោធាចិន មិនបានឆ្លងកាត់តាមច្រកសមុទ្រ Bashi Channel នោះទេ។

Bashi Channel គឺជាផ្លូវទឹកមួយ ដែលខណ្ឌចែករវាងតៃវ៉ាន់ និងហ្វីលីពីន ហើយជារឿយៗនាវាចម្បាំង និងយន្ដហោះចម្បាំងចិន តែងតែធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ នៅពេលត្រូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិក។ប៉ុន្តែខាងក្រសួងការពារជាតិចិន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

សូមបញ្ជាក់ថា ហ្វីលីពីន ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ចំពោះការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងរបស់ចិន ខណៈទីក្រុងម៉ានីល និងប៉េកាំង កំពុងមានជម្លោះនឹងគ្នានៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal សមុទ្រចិនខាងត្បូង នេះបើតាមការផ្សាយរបស់ Reuters។