បណ្តាញសង្គម

តៃវ៉ាន់ ដាក់ឱ្យកងកម្លាំងការពារដែនអាកាសប្រុងជើងការ ខណៈចិនធ្វើតេស្ដមីស៊ីល នៅភាគខាងជើង

 ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៏ បាននិយាយថា ខ្លួន កំពុងតាមដានយ៉ាងយកចិត្ត ទុកដាក់ ចំពោះការបាញ់សាកល្បងមីស៊ីលយ៉ាងកក្រើក នៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសចិន។

តាមក្រសួងការពារជាតិតៃវ៉ាន់ ចាប់ពីម៉ោង ៤ព្រឹកថ្ងៃសៅរ៍ កងកម្លាំងរ៉ុក្កែតចិន បានធ្វើតេស្ដបាញ់មីស៊ីល ជាច្រើនគ្រាប់នៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង ដែលស្ថិតនៅចម្ងាយប្រហែល ២០០០គីឡូម៉ែត្រ ពីកោះ តៃវ៉ាន់។

ក្រសួងបន្ថែមទៀតថា កងកម្លាំងតៃវ៉ាន់ បានបន្តតាមដានស្ថានការណ៍ជាមួយការដាក់ឱ្យកងកម្លាំង ការពារដែនអាកាសប្រុងជើងការ តែមិនបានបញ្ជាក់អ្វីលម្អិតទេ។ ចំណែក ខាងក្រសួងការពារជាតិចិនវិញ ក៏ មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

សូមបញ្ជាក់ថា កងកម្លាំងរ៉ុក្កែត គឺជាអង្គភាពយោធាមួយរបស់ចិន ដែលទទួលបន្ទុកលើឃ្លាំងអាវុធធម្មតា និងមីស៊ីលនុយក្លេអ៊ែរ នេះបើតាមការផ្សាយរបស់ Reuters។