បណ្តាញសង្គម

បង់ក្លាដែស ដាក់ពង្រាយកងកម្លាំងប៉ូលីស ខណៈការតវ៉ាការងារផ្ទុះខ្លាំងឡើង

 ប៉ូលីសកុបកម្មរាប់ពាន់នាក់ បានឈរជើងនៅបរិវេណសកលវិទ្យាល័យទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ មួយថ្ងៃ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល បានក្លាយទៅជាហិង្សា។

និស្សិតនៅទូទាំងប្រទេសបង់ក្លាដែសច្រើនជាង ១០០នាក់ បានរងរបួស ក្នុងការប៉ះទង្គិចគ្នាមួយ កាលពីថ្ងៃចន្ទ រវាងក្រុមអ្នកតវ៉ាទាមទារឱ្យបិទបញ្ចប់ប្រព័ន្ធកូតាការងាររដ្ឋាភិបាល និងក្រុមអ្នកមានភក្តីភាពជាមួយគណបក្សកាន់អំណាច។

នេះ គឺការតវ៉ាដ៏ធំលើកដំបូងដែលនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ប្រឈមមុខចាប់តាំងពីឈ្នះអាណត្តិទី ៤ ជាប់ៗគ្នា នៅក្នុងការបោះឆ្នោតកាលពីខែមករា។ ការតវ៉ា បានចាប់ផ្តើមនៅដើមខែនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់បង់ក្លាដែស បង្គាប់ដល់រដ្ឋាភិបាលឱ្យស្តារឡើងវិញនូវប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយរបស់ក្រុមអ្នកតស៊ូដើម្បីសេរីភាព។

ការតវ៉ា នៅតែបន្ត ទោះបីជាតុលាការផ្អាកការសម្រេចនោះហើយក្តី។ សូមបញ្ជាក់ថា ការតវ៉ាមានសកម្មភាពកាន់តែផុសផុលឡើង បន្ទាប់ពីលោកស្រី Hasina បដិសេធបំពេញតាមការទាមទាររបស់ក្រុមអ្នកតវ៉ា ដោយបញ្ជាក់ថា បញ្ហានេះឥឡូវ គឺស្ថិតលើការសម្រេចរបស់តុលាការ នេះបើតាមការផ្សាយរបស់ Reuters។