បណ្តាញសង្គម

កូរ៉េខាងជើង បង្ហោះបាឡុងផ្ទុកសំរាមសាជាថី្ម ចូលក្នុងដីកូរ៉េខាងត្បូង

 យោធាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា កូរ៉េខាងជើង បានបង្ហោះបាឡុងសណ្ដោងសំរាមសារជាថ្មី ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទំនងជាការសងសឹកទៅនឹងទីក្រុងសេអ៊ូល ដែលបានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន នៅឯតំបន់ព្រំដែន។

បងប្អូនកូរ៉េ ជាគូសត្រូវទាំង២ បានសងសឹកគ្នាទៅវិញទៅមកក្នុងយុទ្ធនាការបង្ហោះបាឡុង ហើយក្នុងនោះកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមជិត ២០០០បាឡុង ចូលក្នុងដីកូរ៉េខាងត្បូង គិតចាប់តាំងពីខែឧសភាមក។

ទង្វើនេះ ត្រូវបានទីក្រុងព្យុងយ៉ាង អះអាងថា ជាការសងសឹកទៅនឹងការបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់ប្រឆាំងកូរ៉េខាងជើងពីសំណាក់សកម្មជនកូរ៉េខាងត្បូង។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញកាលពីថ្ងៃអាទិត្យ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា «កូរ៉េខាងជើង បានបង្ហោះបាឡុងសណ្ដោងសំរាមសារជាថ្មី ដោយហោះឆ្ពោះទៅកាន់ផ្នែកខាងជើងនៃខេត្ត Gyeonggi។

ដូច្នេះបើឃើញបាឡុងទាំងនោះ សូមរាយការណ៍ទៅកាន់ប៉ូលិស ឬយោធា ហើយកុំប៉ះពាល់បាឡុងទាំងនោះដោយផ្ទាល់ឱ្យសោះ» នេះបើតាមការផ្សាយរបស់ AFP។