បណ្តាញសង្គម

ទីបំផុតក្រុម ISIS ចេញមុខទទួលស្គាល់ថា ករណីភេរវកម្មនៅទីក្រុងនីស ប្រទេសបារាំង ជាទង្វើរបស់​ខ្លួន

(បារាំង)៖ ទីបំផុត ក្រុមឧទ្ទាម ISIS បានចេញមុខ ប្រកាសទទួលស្គាល់ថា ករណីបើករថយន្ត ធុនធំបុករះ នៅទីក្រុង Nice ប្រទេសបារាំង នៅថ្ងៃសុក្រម្សិលមិញនេះ ជាទង្វើរបស់ខ្លួន។

នេះបើយោងតាម ការចេញផ្សាយរបស់ សារព័ត៌មាន Sky News ។នៅយប់ថ្ងៃសុក្រ ម្សិលមិញនេះ ដែលរដ្ឋាភិបាលបារាំង អះអាងថា អ្នកបើកបរ រថយន្តបុករះ នោះមានឈ្មោះថា Mohamad Lahouaiej Bouhel អាយុ៣១ឆ្នាំ និងជាជនជាតិបារាំង កាត់ទុយនីស៊ី ហើយបើតាមការ បញ្ជាក់ពីក្រុម ISIS បានឲ្យដឹងថា បុរសខាងលើ បានអនុវត្តទៅតាមបញ្ជា។

ក្រោយពីកើតហេតុ រដ្ឋាភិបាលបារាំង បានប្រកាស ធ្វើការកាន់មរណៈទុក្ខ នៅទូទាំងប្រទេស រយៈពេលបីថ្ងៃ ចំពោះ មនុស្ស៨៤នាក់ ដែលបានស្លាប់ នៅក្នុងការ វាយប្រហារនេះ ដែលបារាំង បានហៅថា ជាអំពើភេរវកម្ម ដោយការ បើកឡានដឹកទំនិញបុករះ សម្លាប់មនុស្ស យ៉ាងសាហាវព្រៃផ្សៃ ក្នុងទីក្រុង Nice។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៤ ខែកក្កដា មានករណីរ ថយន្តធុនធំមួយគ្រឿង បានបើកបុករះ នៅតាមផ្លូវមួយ ក្នុងទីក្រុង Nice បានបណ្ដាលឲ្យមនុស្ស ៨៤នាក់ស្លាប់ និងរបួសជាង ១០០នាក់ ខណៈដែលពួកគេ កំពុងរងចាំ មើលការ បាញ់កាំជ្រួច អប់រំថ្ងៃបុណ្យ Bastille Day (ជាទូទៅថា ជាបុណ្យជាតិ និងត្រូវបានហៅជាភាសាបារាំងថា La Fete Nationale)៕

ដកស្រង់ពី៖ Fresh News