បណ្តាញសង្គម

ប្រទេស​តួកគី​នឹង​ព្យួរ​ការ​អនុវត្ត​អនុសញ្ញា​អឺរ៉ុប​ស្តី​ពី​សិទ្ធិមនុស្ស

ប្រទេសតួកគីបានឲ្យដឹងថា ខ្លួននឹងព្យួរការអនុវត្តអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេល៣ខែ ដែលខ្លួនបានប្រកាសថាដើម្បីកម្ចាត់ឧក្រិដ្ឋជនដែលបានប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានបរាជ័យកាលពីសប្តាហ៍មុននេះ។

លោក Numan Kurtulmas ឧបនាយករដ្ឋមន្ត្រីតួកគី បានមានប្រសាសន៍ថា ប្រទេសតួកគី អាចនឹងបោះជំហាន បន្ទាប់ដូចដែល ប្រទេសបារាំងបានធ្វើ ដោយយោងតាម មាត្រាទី១៥នៃអនុសញ្ញានេះ ដែលអនុញ្ញាតឲ្យ ប្រទេសចុះហត្ថលេខី ទាំងអស់រួចកាតព្វកិច្ច ក្នុងអំឡុងពេលមានសង្គ្រាម ឬ ស្ថិតក្នុងស្ថានភាពអាសន្ន។

លោក Kurtulmas ត្រូវបានទីភ្នាក់ងារ សារព័ត៌មាន Hurriyet ដកស្រង់សម្តីដើម ទាំងស្រុងថា «ស្ថានភាពអាសន្ន នឹង ផ្តល់ឱកាសដល់ រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹង អ្នករៀបចំផែនការ ធ្វើរដ្ឋប្រហារ និង បោសសម្អាត សមាជិករបស់ក្រុម Gulen ទាំងស្រុង»។

តំណាងរាស្ត្រតួកគី ត្រូវបានគេរំពឹងថា នឹង អនុម័តលើសំណើ របស់លោកប្រធានាធិបតី Erdogan ក្នុងការដាក់ ប្រទេសតួកគី ឲ្យស្ថិតក្នុងស្ថានភាព អាសន្នរយៈពេល៣ខែ នៅក្នុងដំណើរវិវឌ្ឍន៍នយោបាយ ដែលត្រួសត្រាយផ្លូវ ដល់ការកម្ចាត់ គូប្រជែងរបស់លោក បន្ទាប់ពីមានការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំលោក Erdogan និង រដ្ឋាភិបាលរបស់លោក កាលពីសប្តាហ៍មុន ដែលបានបរាជ័យនោះ។

លោក Erdogan បានប្រកាសដាក់ប្រទេស ឲ្យស្ថិតក្នុងស្ថានភាព អាសន្ននៅក្នុងសុន្ទរកថា ដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពី បើកកិច្ចប្រជុំ ជាមួយនឹងក្រុមប្រឹក្សា សន្តិសុខជាតិ និង គណៈរដ្ឋមន្ត្រី របស់លោករួចមក។ លោក Erdogan បានមានប្រសាសន៍ថា គោលបំណងនៃការ ដាក់ប្រទេស ឲ្យស្ថិតក្នុងស្ថានភាព អាសន្ននេះ គឺ ដើម្បីបោះជំហាន ទៅមុខឲ្យមាន ប្រសិទ្ធភាពបំផុត ក្នុងការយកលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋត្រឡប់មកវិញ។ មេដឹកនាំតួកគី បាននិយាយថា កងកម្លាំងប្រដាប់អាវុធ នឹង មិនត្រួតត្រាប្រទេសក្នុងអំឡុងពេលនេះ នោះទេ៕

លោកប្រធានាធិបតី Tayyip Erdogan របស់តួកគីផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Reuters នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ដកស្រង់ពី៖ VOA