បណ្តាញសង្គម

ព្យុះភ្លៀងបានបង្កឲ្យមនុស្សស្លាប់ និងបាត់ខ្លួនកើនដល់ ២៤០នាក់ នៅភាគខាងជើង ប្រទេសចិន

(ប៉េកាំង)៖ ព្យុះភ្លៀងនៅ ភាគខាងជើង ប្រទេសចិន ដែលខេត្ត Hebei បានទទួលរង គ្រោះខ្លាំងជាង គេនោះ បានបណ្តាល ឲ្យមនុស្សស្លាប់ កើនដល់ ១៣០នាក់ និងបាត់ខ្លួន ១១០នាក់ ខណៈអាកាសធាតុ នៅតែបន្តអាក្រក់ រហូតមកដល់ ដើមសប្តាហ៍ថ្មីនេះ ។

នេះបើតាមការ ចេញផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦ ។ តាមការ អះអាង របស់ទីភ្នាក់ងារ សង្គ្រោះបន្ទាន់ ក្នុងតំបន់ បានឲ្យដឹងថា មនុស្ស ៣១០,០០០នាក់ នៅខេត្តHebei ត្រូវបានកងកម្លាំងជម្លៀស ទៅកាន់ទីទួល សុវត្ថិភាពបន្ទាប់ពី ទីក្រុង Handan, Xingtai និង Shijiazhuang បានទទួលរង គ្រោះដោយទឹក ជំនន់ជាទម្ងន់ ។

គួរបញ្ជាក់តាម រដ្ឋាភិបាលចិន បានប្រកាសកាល ពីចុងសប្តាហ៍មុនថា ការខូចខាត ក្នុងខេត្តខាងលើនេះ សរុបជាទឹកប្រាក់គឺ ២,៤ពាន់លានដុល្លារ អាមេរិកទៅហើយ ខណៈកងកម្លាំង ក្នុងខេត្តកំពុងតែព្យាយាម ជួយសង្គ្រោះ ប្រជាជន ពីទឹកជំនន់ ដែលបាន បង្កឡើងដោយព្យុះភ្លៀង ប៉ុន្មានថ្ងៃជាប់ៗ គ្នាមកហើយ ។ បន្ថែមពីនេះលំនៅដ្ឋាន ៥២,០០០ខ្នង រងការបំផ្លាញ ទាំងស្រុង និងផ្ទៃដីដំណាំ ៧០០,០០០ហិកតា លិចលង់ ៕

ដកស្រង់ពី៖ដើមអម្ពិល