បណ្តាញសង្គម

ចិន​ស្នើ​ឲ្យ​អាមេរិក​គាំ​ទ្រ​ការ​ចាប់​ផ្ដើម​​ចរចា​ឡើង​វិញ​ជាមួយ​ហ្វីលីពីន

រដ្ឋមន្ត្រីការបរទេសចិន បានស្នើឲ្យ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry ឲ្យគាំទ្រការចាប់ផ្ដើម ការចរចា រវាងប្រទេសចិន និង ហ្វីលីពីន ឡើងវិញជុំវិញ ជម្លោះសមុទ្រចិនខាងត្បូង បន្ទាប់ពី សាលក្រមអន្តរជាតិ មួយបាន សម្រេចឲ្យ ក្រុងប៉េកាំង ចាញ់ក្ដីនៅក្នុង ជម្លោះដែនទឹកនេះ នៅដើមខែកក្កដានេះ។នេះដោយយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ចិនមិនបាន ចូលរួមក្នុង សវនការតុលាការ មជ្ឈត្តកម្មអន្តរជាតិ នៅទីក្រុងឡាអេទេ ហើយបានបដិសេធ ទទួលយកសាលក្រម ចេញដោយតុលាការនេះ កាលពីថ្ងៃទី១២ ខែកក្កដា ដែលសម្រេចឲ្យ ហ្វីលីពីន ឈ្នះក្ដីនោះ។


 នៅឯជំនួប នៅទីក្រុង វៀងចន្ទន៍ កាលពីថ្ងៃម្សិលមិញ ប្រមុខកាទូតចិន លោក Wang Yi បានប្រាប់លោក Kerry ថា ចិន និង អាស៊ានបានឯកភាពគ្នា ថាជម្លោះនោះ គួរវិលត្រឡប់ទៅរកផ្លូវត្រូវវិញ តាមរយៈកិច្ចសន្ទនាផ្ទាល់ ជាមួយភាគីពាក់ព័ន្ធ។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានដកស្រង់ សម្ដីលោក Wang ដែលបានថ្លែងនៅក្នុង សេចក្ដីថ្លែងការណ៍ ចេញផ្សាយ នៅថ្ងៃនេះ ថាប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក គាំទ្រការចាប់ផ្ដើម ការសន្ទនាឡើងវិញ រវាងចិន និង ហ្វីលីពីន ហើយគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់ចិន និង អាស៊ាន ដើម្បីថែរក្សា សន្តិភាព និង ស្ថិរភាពតំបន់។ ចិន បានបន្ទោស អាមេរិក ម្ដងហើយម្ដងទៀត ចំពោះការ ដុតបញ្ឆេះភាពតានតឹង នៅសមុទ្រចិនខាងត្បូង និង ចូលពាក់ព័ន្ធ ក្នុងជម្លោះនេះ ប៉ុន្តែ ក្រុងវ៉ាងស៊ីងតោន បានបដិសេធ ការចោទប្រកាន់នេះ៕

  ដកស្រង់ពី៖ VOD