បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីត្រៀមខ្លួនសម្រាប់វេទិកាសន្តិសុខ នៃតំបន់អាស៊ាន!

(ម៉ានីល)៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Hui Chol បានមកដល់ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីនហើយ ដើម្បីបំពេញទស្សនកិច្ចក្នុងន័យត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង មកកាន់ប្រទេសដីកោះមួយនេះនៅសប្តាហ៍ក្រោយ។

 នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ដំណើរមកដល់ខាងលើនេះ ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano និងមន្ត្រីជាន់ខ្ពស់ហ្វីលីពីនជាច្រើនរូបទៀត ខណៈដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងមកកាន់ហ្វីលីពីន ដើម្បីចូលរួមវេទិកាដ៏ធំមួយនៃសមាគមអាស៊ាន។ លោក Cayetano បានលើកឡើងនាឱកាសនោះថា «ខ្ញុំទន្ទឹងរង់ចាំជានិច្ច សម្រាប់កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ»។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនគឺជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយវេទិកាខាងលើនេះ នឹងត្រូវរៀបចំឡើងដោយផ្តោតសំខាន់ទៅលើការពិភាក្សា អំពីបញ្ហាសន្តិសុខក្នុងតំបន់អាស៊ីប៉ាសីហ្វិក។

និយាយពីបញ្ហាសន្តិសុខក្នុងតំបន់បែបនេះ កូរ៉េខាងជើងក៏នៅតែជាប្រធានបទក្តៅផងដែរ ដោយសារតែការធ្វើតេស្តមីស៊ីលជាច្រើនលើក និងការធ្វើសមយុទ្ធយោធារវាងអាមេរិក និងសម្ព័ន្ធមិត្ត កំពុងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹង៕

ដកស្រង់ពី៖FRESH NEW