បណ្តាញសង្គម

មន្ត្រីជើងចាស់អាមេរិក «ស្នើរដ្ឋបាល ត្រាំ ប្រមូលគ្រាប់បែកនុយក្លេអ៊ែរ ចេញពីមូលដ្ឋានទ័ពនៅតួកគី» បើសិនជាស្ថានការណ៍អាក្រក់ នៅតែបន្ត!

  (អង់ការ៉ា)៖ អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph Cirincione បានអំពាវនាវឱ្យសហរដ្ឋអាមេរិក  ប្រមូលអាវុធនុយក្លេអ៊ែររបស់ខ្លួន ពីមូលដ្ឋានទ័ពអាកាសតួកគី Incirlik ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នៅតែបន្តតានតឹង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Stars and Stripes លោក Joseph Cirincione បានអះអាងថា មូលដ្ឋានទ័ពតួកគី គឺជាកន្លែងគ្មានសុវត្ថិភាព និងអាក្រក់បំផុត ក្នុងការរក្សាទុកអាវុធនុយក្លេអ៊ែរអាមេរិកជាង ៥៩គ្រាប់ ដោយក្នុងនោះមានទំាងគ្រាប់បែក B16 មានកម្លាំងផ្ទុះខ្លាំងជាង ១០ដង បើធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុនកាលពីអំឡុងឆ្នាំ១៩៤៥។ជាងនេះទៅទៀត លោក Cirincione ក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន ផ្លាស់បូរទីតាំងកងទ័ពអាមេរិក ២,៥០០នាក់ នៅមូលដ្ឋានទ័ព Cirincione ផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងតួកគី និងសហរដ្ឋអាមេរិកចាប់ផ្ដើមតានតឹងនឹងគ្នា បន្ទាប់ពីមានរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីខែកក្កដា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះនៅពេលនេះ តួកគីហាក់ដូចជាមិនសូវអើពើនឹងទីក្រុងវ៉ាស៊ីនតោនឡើយ   ដោយថែមទំាងទៅចូលរួមជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ស្វែងរកបទឈប់បាញ់នៅស៊ីរី ដោយទុកសហរដ្ឋអាមេរិកចោលទៀតផង៕

ដកស្រង់ពី៖ Fresh News