បណ្តាញសង្គម

អ្នកជំនាញ៖ «មីស៊ីលផ្លោង ICBM កូរ៉េខាងជើងធ្វើតេស្តយប់មិញ គឺជាការព្រមានអាមេរិកត្រង់ៗតែម្តង!»

(សេអ៊ូល)៖ ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបលើកទីពីរ របស់ប្រទេសកូរ៉េខាងជើង ដែលបានប្រព្រឹត្តទៅដោយភាពភ្ញាក់ផ្អើល  កាលពីយប់កណ្តាលអាធ្រាតថ្ងៃសុក្រម្សិលមិញនេះ ទំនងជាសកម្មភាពបង្កហេតុឌឺដងមួយ  ដែលមានគោលដៅទៅលើសហរដ្ឋអាមេរិក។

នេះបើតាមក្រុមអ្នកជំនាញ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងសកម្មភាពដែលពុំនរណាម្នាក់បានរំពឹងទុកជាមុននេះ  កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងចំនួនគ្រាប់ឈ្មោះ Hwasong-14 ជាប្រភេទឆ្លងទ្វីប ICBM ទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ចេញពីខេត្ត Jagang ភាគខាងជើងប្រទេសរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១១៖៤១នាទី យប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅកូរ៉េខាងត្បូង)។មីស៊ីលនោះ រត់បានចម្ងាយជិត ១,០០០គីឡូម៉ែត្រ នៅក្នុងរយៈកម្ពស់អតិបរមាប្រហែល ៣,៧០០គីឡូម៉ែត្រ។

លោក Kim Dong-yub អ្នកជំនាញមួយរូបរបស់កូរ៉េខាងត្បូង បានលើកឡើងថា «កូរ៉េខាងជើងបានបង្ហាញក្នុងភាពជឿជាក់ថា  ខ្លួនមានសមត្ថភាពបាញ់មីស៊ីល នៅគ្រប់ពេលវេលា និងទីកន្លែងទាំងអស់ទោះបីជាស្ថិតក្រោមការឃ្លាំមើលពីសំណាក់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏ដោយក្តី។

ជាមួយគ្នានេះអ្នកជំនាញមួយរូបទៀត លោក Yang Moo-jin បាននិយាយថា «ការធ្វើតេស្តមីស៊ីលទាំងកណ្តាលរាត្រី របស់កូរ៉េខាងជើងនេះ ត្រូវបានគេមើលឃើញថា គឺជាការតវ៉ាប្រដាប់អាវុធ ប្រឆាំងនឹងការអនុម័តគាំទ្រនាពេលថ្មីៗនេះ  របស់ព្រឹទ្ធសភាអាមេរិក លើសេចក្តីព្រាងស្តីពីការដាក់ទណ្ឌកម្ម ជាចង្កោមប្រឆាំងនឹងកូរ៉េខាងជើង អ៊ីរ៉ង់ និងរុស្ស៊ី»។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីល ICBM ជាលើកទីពីររបស់កូរ៉េខាងជើង  ត្រូវបានធ្វើឡើងនៅកៀកនឹងព្រំប្រទល់របស់ប្រទេសចិន និងចំពេលដែលពេលវេលាស្ថិតនៅសហរដ្ឋអាមេរិក គឺពេលព្រឹក។ ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចេញមុខថ្កោលទោសធ្ងន់ៗ  ចំពោះសកម្មភាពបង្កហេតុឥតស្រាកស្រាននេះផងដែរ៕

ដកស្រង់ពី៖ Fresh News