បណ្តាញសង្គម

WikiLeaks ទម្លាយសារអ៊ីម៉ែល ២១ពាន់ច្បាប់ ពាក់ព័ន្ធយុទ្ធនាការបោះឆ្នោតរបស់ លោក Emmanuel Macron!

(បរទេស)៖ សារអ៊ីម៉ែលជាង ២១,០០០ច្បាប់ ដែលមានជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោត  ជ្រើសរើសប្រធានាធិបតីបារាំងរបស់ លោក Emmanuel Macron ដែលបច្ចុប្បន្នជាមេដឹកនាំបារាំងថ្ មី ត្រូវបានបញ្ចេញជាសាធារណៈ ដោយគេហទំព័រ WikiLeaks។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។ អង្គការក៏ដូចជាវែបសាយដែលតែងតែបានចុះផ្សាយ ព័ត៌មានសម្ងាត់ៗជុំវិញពិភពលោកនេះបានអះអាងថា សារអ៊ីម៉ែលទាំង ២១,០៧៥ច្បាប់ខាងលើ ត្រូវបានធ្វើកោសល្យវិច្ច័យផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ និងច្បាស់លាស់បំផុត តាមរយៈប្រព័ន្ធត្រួតពិនិត្យ E-Mail មានឈ្មោះថា DKIM។

ជាងនេះទៅទៀត WikiLeaks បានឲ្យដឹងថា ខ្លួនក៏នឹងផ្តល់កម្រងសារអ៊ីម៉ែលសរុបចំនួន ៧១,៨៤៨ច្បាប់ផងដែរ ដោយបានបន្ថែមថា មានតែចំនួន ២១,០៧៥ច្បាប់ប៉ុណ្ណោះ ត្រូវបានសម្គាល់ថា បានផ្ទៀងផ្ទាត់ត្រឹមត្រូវ ក៏ប៉ុន្តែសារទាំងប៉ុន្មានពាន់ផ្សេងទៀត ក៏អាចរំពឹងថា នឹងពិតប្រាកដដូចគ្នាដែរ ដោយយោងទៅលើតាមការធ្វើតេស្តពិសោធន៍។បើតាម WikiLeaks សារអ៊ីម៉ែលទាំងអស់នេះ មានកាលបរិច្ឆេទចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនារបស់ លោក Macron បានទទួលរងការវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា  តាមរយៈការលេចធ្លាយសារអ៊ីម៉ែល ក្នុងទ្រង់ទ្រាយយ៉ាងធំសម្បើម នៅពីថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង  ពោលគឺកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ ខណៈគណៈកម្មការរៀបចំការបោះឆ្នោត បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយបារាំង មិនឲ្យចេញផ្សាយពីខ្លឹមសារនៃសារអ៊ីម៉ែល ដែលបានលេចធ្លាយទាំងអស់នោះឡើយ៕

ដកស្រង់ពី៖ Fresh News