បណ្តាញសង្គម

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ «ប៉ូលិសអាចបាញ់សម្លាប់ជនឆោតល្ងង់ណា ដែលព្យាយាមតដៃជាមួយសមត្ថកិច្ច»

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ប្រាប់មន្រ្តីប៉ូលិសថា ពួកគេអាចបាញ់សម្លាប់ជនឆោតល្ងង់ទាំងឡាយណា ដែលព្យាយាមប្រឆាំងតបតដោយហិង្សា ចំពោះការចាប់ខ្លួនរបស់អាជ្ញាធរបាន បន្ទាប់ពីកើតមានការតវ៉ាពីសំណាក់ក្រុមបាតុកររាប់រយនាក់ ទៅលើសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។ ថ្លែងក្នុងទីបញ្ចុះសពវីរៈបុរស Hero's Cemetery ស្ថិតនៅជាយនៃរដ្ឋធានីម៉ានីល លោក ឌូតឺតេ បានថ្លែងទៅកាន់លោក ចូវី អេស្ពែនីដូ (Jovie Espenido) មេបញ្ជាការប៉ូលិសនៃទីក្រុងមួយនៅភាគខាងត្បូងប្រទេស ជាទីដែលអភិបាលទីក្រុងនោះ បានបាត់បង់ជីវិត នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿង។

លោកប្រធានាធិបតីហ្វីលីពីន បានប្រាប់មន្រ្តីប៉ូលិសរូបនោះដូច្នេះថា «កាតព្វកិច្ចរបស់លោក តម្រូវឲ្យលោកយកឈ្នះលើសកម្មភាពប្រឆាំងតបតរបស់បុគ្គល ដែលលោកត្រូវចាប់ខ្លួន... បើសិនជាជនណា មិនព្រមសហការ ហើយប្រើអំពើហិង្សាទៀតនោះ អ្នកមានសិទ្ធិបាញ់សម្លាប់ជនល្ងង់ៗទាំងនោះបានភ្លាម, នេះគឺជាបញ្ជារបស់ខ្ញុំទៅកាន់លោក»។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គា ឌូតឺតេ បានបើកយុទ្ធនាការដ៏ក្តៅគគុកនេះ ប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ចាប់តាំងពីរូបលោក បានស្បថឡើងកាន់តំណែង ជាមេដឹកនាំប្រទេសហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីលោក ឌូតឺតេ បានប្តេជ្ញាថានឹងប្រើប្រាស់វិធានការធ្ងន់ៗ ដើម្បីកម្ចាត់និងបោសសម្អាតបទឧក្រិដ្ឋទាំងឡាយ រួមទាំងគ្រឿងញៀនចេញពីប្រទេសរបស់លោក។

យ៉ាងណាមិញក្នុងអំឡុងពេលជាងមួយឆ្នាំកន្លងទៅនេះ បើតាមរបាយការណ៍ជាច្រើន មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងយុទ្ធនាការដ៏បង្ហូរឈាមនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕

ដកស្រង់ពី៖ Fresh News