បណ្តាញសង្គម

ឥទ្ធិពល គីម ជុងអ៊ុន! លោក ដូណាល់ ​ត្រាំ «ប្រាប់ឱ្យជប៉ុន និងកូរ៉េខាងត្បូងទិញសព្វាវុធបន្ថែម» ពីសហរដ្ឋអាមេរិក!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តអនុញ្ញាតឱ្យជប៉ុន និងកូរ៉េខាងត្បូង ទិញអាវុធទំនើបៗបន្ថែមពីសហរដ្ឋអាមេរិក នៅក្នុងបរិបទដែលភាពតានតឹង នៅលើឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។

ការឡើងកម្ដៅនេះ គឺបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ដ បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ បើទោះជាមានការព្រមានរាប់ភ្លេចពី ទីក្រុងវ៉ាស៊ីនតោន និងទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Independent នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ថ្លែងនៅលើប្រអប់បញ្ចេញមតិ Twitter នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងខ្លីដូច្នេះថា «ខ្ញុំអនុញ្ញាតឱ្យ ជប៉ុន និងកូរ៉េខាងត្បូង ទិញបរិក្ខាយោធាទំនើបៗក្នុងចំនួនដ៏ច្រើន ពីសហរដ្ឋអាមេរិក»។ក៏ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់ថា អាវុធប្រភេទណាត្រូវលក់ឱ្យសម្ព័ន្ធមិត្តទាំងពីរនេះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែនជាលើកទី០៦ ដោយជោគជ័យសម្រាប់បំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលក្រុមអ្នកជំនាញខ្លះថា វាអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានចេញមុខព្រមានរបបដឹកនាំទីក្រុងព្យុងយ៉ាងត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តពីការគំរាមកំហែងដោយកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News