បណ្តាញសង្គម

ក្តៅគគុក! អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា «ជនស៊ីវិល ១៦៣នាក់ស្លាប់ និង ៩១នាក់បាត់ខ្លួន» នៅរដ្ឋរ៉ាឃីន!

(រ៉ងហ្គូន)៖ ជនស៊ីវិលសរុប ១៦៣នាក់បានស្លាប់ និង ៩១នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយភេរវកម្មនៅភាគខាងលិចរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។

 នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពីរបាយការណ៍ថ្មីរបស់ អាជ្ញាធរមីយ៉ាន់ម៉ាផ្ទាល់តែម្តង នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

របាយការណ៍បានបន្តទៀតថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ខាងលើនេះ គឺមាន ៧៩នាក់ជាអ្នកភូមិ, មន្ត្រីរដ្ឋបាល, និងកងកម្លាំងសន្តិសុខ ហើយពួកគេចំនួន ៣៧នាក់ទៀត ក៏នៅតែកំពុងបាត់ខ្លួន រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ គិតពីខែតុលា ឆ្នាំ២០១៦ រហូតដល់ចុងខែសីហា ឆ្នាំ២០១៧។

ដោយឡែកមនុស្សស្លាប់ចំនួន ៨៤នាក់ផ្សេងទៀត គឺជាជនជាតិភាគតិច Hindus នៅក្នុងរដ្ឋរ៉ាឃីន, អ្នកភូមិ Daingnet និង Mro, មន្ត្រីរដ្ឋបាល និងកងកម្លាំងសន្តិសុខ ហើយពួកគេចំនួន ៥៤នាក់ទៀតកំពុងបាត់ខ្លួន គិតចាប់ពីចុងខែសីហា រហូតមកទល់នឹងចុងខែកញ្ញា ឆ្នាំ២០១៧នេះ។

ទោះបីជាបែបណាក៏ដោយ បើតាមតួលេខដែលចេញផ្សាយដោយក្រុមតាមដានសិទ្ធិមនុស្ស ទៅលើជម្លោះនៅក្នុងរដ្ឋរ៉ាឃីន ដែលនាំឲ្យជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងមីយ៉ាន់ម៉ា គឺបង់ក្លាដែសនោះ ចំនួនមនុស្សស្លាប់ និងបាត់ខ្លួន គឺមានច្រើនជាងអ្វី ដែលនាយកដ្ឋានរដ្ឋបាលទូទៅ នៃរដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសនាពេលនេះទៅទៀត។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ានៅមិនទាន់មានការដោះស្រាយ ប្រកបដោយភាពវិជ្ជមាន ចំពោះវិបត្តិជនភៀសខ្លួន ដ៏អាក្រក់បំផុតមិនធ្លាប់រាប់ទសវត្សរ៍នេះឡើយ៕

ដកស្រង់ពី៖FRESH NEW