បណ្តាញសង្គម

សង្គ្រាមរូបភាព! កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល» និងផ្សព្វផ្សាយនៅកូរ៉េខាងត្បូង!

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ពួកគេបានប្រទះឃើញផ្ទាំងរូបភាព និងខិតប័ណ្ណផ្សព្វផ្សាយជាច្រើន នៅតាមតំបន់មួយចំនួនក្នុងទីក្រុងសេអ៊ូល ដែលបង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេកាត់ក្បាល រីឯវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញដោយគ្រាប់មីស៊ីល។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។ បើទោះជាគេមិនអាចបញ្ជាក់ថា ខិតប័ណ្ណទាំងនេះមានប្រភពមកពីណាឱ្យប្រាកដ តែគេជឿជាក់ថា វាអាចជាស្នាដៃរបស់កូរ៉េខាងជើង។

ពោលគឺនៅលើខិតប័ណ្ណមួយចំនួន បង្ហាញពីទាហានកូរ៉េខាងជើងម្នាក់ ដៃម្ខាងកាន់ភ្លើងយកជើងជាន់ លោក ដូណាល់ ត្រាំ រហូតដល់ស្លាប់ ហើយនៅក្នុងផ្ទំាងរូបខ្លះទៀត គេឃើញរូបគំនូរលោក ត្រាំ ជាសត្វឆ្កែពាំគ្រាប់មីស៊ីល នៅពេលលោក ថ្លែងសុន្ទរកថា គំរាមកម្ទេចកូរ៉េខាងជើង ឱ្យក្លាយទៅជាផេះនៅវេទិកា UN ខណៈបុរសពីរនាក់នៅក្នុងរូបភាពនោះ បាននិយាយទាំងភ័យខ្លាចថា «គាត់ (លោក ត្រាំ) គឺជាមនុស្សឆ្កួតហើយ បើយើងបណ្ដាយឱ្យគាត់ធ្វើបែបនេះ នោះសង្រ្គាមនឹងផ្ទុះឡើង»។

ចំណែកឯនៅក្នុងផ្ទំាងរូបភាពមួយផ្សេងទៀត គឺបង្ហាញពីវិមានកាពីតូលអាមេរិក ត្រូវបានគ្រាប់មីស៊ីលបំផ្លាញ ជាមួយនឹងពាក្យស្លោក «នេះគឺជាចម្លើយរបស់ពួកយើង»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរកូរ៉េខាងត្បូង ខិតប័ណ្ណ និងផ្ទាំងរូបភាពទាំងនេះ មានប្រភពមកពីកូរ៉េខាងជើង តាមរយៈការបង្ហោះបាឡុង ក្នុងចេតនាគំរាមកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកំពុងដឹកនាំសមយុទ្ធយោធាសមុទ្ររួមគ្នា កំញើញទីក្រុងព្យុងយ៉ាង៕

ដកស្រង់ពី៖ Fresh News