បណ្តាញសង្គម

សាធារណរដ្ឋ Cyprus ចេញមុខ «ប្រឆាំង និងថ្កោលទោស» ចំពោះការប្រកាសឯករាជ្យនៃ​តំបន់ Catalonia ចេញពី​រាជាណាចក្រ​អេស្ប៉ាញ!

  (នីកូស)៖ សាធារណរដ្ឋ សាយព្រឺស (Cyrus) ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បានចេញមុខប្រឆាំង និងថ្កោលទោសចំពោះការប្រកាសឯករាជ្យ នៃតំបន់ Catalonia ដែលបានធ្វើឡើងដោយស្ងាត់ និងនាំឲ្យរដ្ឋាភិបាលអេស្ប៉ាញប្រើធម៌ក្តៅ ដោយបានដកមេដឹកនាំ និងស្វ័យភាពចេញពីតំបន់ភាគខាងកើត  នៃប្រទេសអឺរ៉ុបមួយនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស សាយព្រឺស បានបញ្ជាក់យ៉ាងដូច្នេះថា «សាយព្រឺសសូមប្រឆាំងចំពោះ ការរំលោភបំពាននីតិរដ្ឋ និងសូមបញ្ជាក់ជំហរពេញទំហឹងក្នុងការគាំទ្រការឯកភាពជាតិ និងការគោរពរដ្ឋធម្មនុញ្ញ នៃរាជាណាចក្រអេស្ប៉ាញ។ យោងទៅតាមគោលការណ៍ និងមូលដ្ឋានគ្រឹះជាសកលរបស់សហភាពអឺរ៉ុប សាយព្រឺសមិនអាចទទួលស្គាល់ ការប្រកាសឯករាជ្យជាឯកតោភាគីរបស់ Catalonia នោះឡើយ»។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) និងរដ្ឋាភិបាលត្រូវបានទម្លាក់ពីអំណាចជាផ្លូវការហើយ ខណៈលោក Rajoy បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មី នៅក្នុងតំបន់នាថ្ងៃទី២១ ខែធ្នូខាងមុខ បន្ទាប់ពីសភា កាតាឡាន ទីបំផុតបានសម្រេចធ្វើការបោះឆ្នោតស្ងាត់ៗជាឯកតោភាគី ដើម្បីប្រកាសឯករាជ្យផ្តាច់តំបន់កាតាឡាន (Catalonia) ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលទីក្រុងម៉ាឌ្រីត៕

ដកស្រង់ពី៖ Fresh News