បណ្តាញសង្គម

យន្តហោះឥណ្ឌា​ដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់» ក្រោយទទួលបានសារព្រមាន...

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរ ១២២នាក់ មួយគ្រឿងមានគោលដៅហោះហើរ ឆ្ពោះទៅកាន់ទីក្រុងញូដេលី ត្រូវបង្ខំចិត្តប្ដូរទិសដៅហោះហើរភ្លាមៗនៅពាក់កណ្ដាលផ្លូវ នៅថ្ងៃចន្ទនេះ បន្ទាប់ពីទទួលបានការព្រមានមួយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក យន្ដហោះខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways មានគោលដៅហោះហើរពី ទីក្រុងម៉ុមបៃ ទៅកាន់ទីក្រុងញូដេលី បានប្ដូរទិសដៅទៅកាន់ទីក្រុង Ahmedabad ជាបន្ទាន់ ក្រោយមានសេចក្ដីរាយការណ៍ ពីការព្រមានផ្នែកសន្តិសុខនៅលើយន្ដហោះ ដោយបុគ្គលិកម្នាក់។

បុគ្គលិក ជាស្រី្តរូបនេះបានរកឃើញ កំណត់ហេតុព័ត៌មានមួយបញ្ជាក់ថា យន្ដហោះត្រូវបានគេប្លន់ ព្រមទាំងត្រូវគេបញ្ជាកុំឱ្យចុះចតនៅទីក្រុងញូដេលី ទើបរូបនាងរាយការណ៍ប្រាប់ពីឡុត ដែល បានបកក្បាលយន្ដហោះទៅកាន់ទីក្រុង Ahmedabad។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមអាជ្ញាធរមិនទាន់អាចបញ្ជាក់ពីហេតុការណ៍លម្អិតនៅឡើយទេ រីឯខាងក្រុមហ៊ុនបានទទួលស្គាល់ហើយថា ពិតជាហេតុការណ៍បែបនេះកើតឡើងមែន ខណៈអាជ្ញាធរកំពុងស្វែងរកទីតាំង ដែលយន្ដហោះនេះកំពុងស្ថិតនៅ៕

ដកស្រង់ពី៖ Fresh News