បណ្តាញសង្គម

ប្រទេសរុស្ស៊ីគ្រោង «កាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី» បន្ទាប់ពីភេរវករជាច្រើន ត្រូវបានកម្ចាត់!

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីត្រូវគេរាយការណ៍ថា កំពុងតែធ្វើការពិចារណាអំពីការកាត់បន្ថយវត្តមានខ្លះៗ នៃកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរីនាពេលថ្មីៗនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧។ បើតាមសេចក្តីរាយការណ៍របស់កាសែតរុស្ស៊ី Kommersant ដែលទទួលបានប្រភពព័ត៌មានពីមន្រ្តីយោធា និងការទូតរុស្ស៊ី ផែនការខាងលើនេះបានលើកឡើងថា មានតែអង្គភាពប៉ូលិសយោធា និងក្រុមអ្នកប្រឹក្សាយោធា ក៏ដូចជាអង្គភាពដែលចាំបាច់ សម្រាប់ការការពារបន្ទាយទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartus របស់រុស្ស៊ីប៉ុណ្ណោះ ដែលគួរតែបន្តឈរជើងនៅស៊ីរី។

ក្រៅពីនេះចំនួនយន្តហោះចម្បាំង

របស់ទ័ពអាកាសរុស្ ស៊ីនៅក្នុងប្រទេសស៊ីរី ក៏អាចនឹងត្រូវកាត់បន្ថយផងដែរ ក៏ប៉ុន្តែប្រព័ន្ធខែលការពារមីស៊ីលវិញ នឹងបន្តនៅទីនោះដដែល។ ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងករណីណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើការសម្រេចចិត្តចុងក្រោយ។

គួរជម្រាបថា ព័ត៌មានខាងលើនេះបានលេចឡើង ចំពេលមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ ស្តីពីជ័យជម្នះរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅក្នុងការប្រយុទ្ធគ្នាជាមួយនឹងក្រុមសកម្មប្រយុទ្ធ Jabhat Fatah al Sham ឬ Nasra Front រួមទាំងក្រុមភេរវករ ISIS។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់មួយនេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ តាមការស្នើសុំពីសំណាក់រដ្ឋាភិបាល របស់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ បើទោះបីជាមានការព្រមានពីអាមេរិក និងសម្ព័ន្ធមិត្តក៏ដោយ៕

ដកស្រង់ពី៖ Fresh News