បណ្តាញសង្គម

ជប៉ុន៖ មនុស្ស ០៤នាក់ ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ​នៅខេត្ត Gunma ភាគកណ្តាលប្រទេស!

  (តូក្យូ)៖ មនុស្សចំនួន ០៤នាក់ បានបាត់បង់ជីវិត នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅខេត្តហ្គូនម៉ា (Gunma) ភាគឦសាននៃតំបន់កាន់តូ (Kanto) ប្រទេសជប៉ុន។

នេះបើតាមសេចក្តីរាយការណ៍ របស់បណ្តាញសារព័ត៌មានជប៉ុន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ បើតាមការឲ្យដឹងពីមន្រ្តីប៉ូលិសនៅតំបន់កើតហេតុ ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់នៅក្នុងភូមិ Ueno នៃខេត្ត Gunma នាវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃពុធនេះតែម្តង (ម៉ោងនៅក្នុងតំបន់)។

ជាមួយគ្នានេះដែរ ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់ កំពុងស្ថិតនៅកន្លែងកើតហេតុ។យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK សាក្សីមួយចំនួន បានប្រទះឃើញឧទ្ធម្ភាគចក្រនេះ ធ្វើការហោះហើរក្នុងរយៈកម្ពស់ទាបខុសពីធម្មតា មុនពេលជួបឧប្បត្តិហេតុ។

គួរបញ្ជាក់ថា យ៉ាងណាមិញភ្លាមៗបែបនេះគេពុំទាន់ដឹងថា ហេតុការណ៍អកុសល្យនេះ បានកើតឡើងបណ្តាលមកពីអ្វី ឬក៏វត្តមានរបស់មនុស្សសរុបនៅលើឧទ្ធម្ភាគចក្រមានតែ ០៤នាក់ ដែលបានស្លាប់នេះដែរ ឬក៏យ៉ាងណានៅឡើយទេ៕

 

ដកស្រង់ពី៖ Fresh News