បណ្តាញសង្គម

នាយករដ្ឋមន្ត្រី​អង់គ្លេស «ប្តេជ្ញារក្សា​ទំនាក់ទំនង​ក្នុងយុគមាស ជាមួយ​មហាយក្សចិន» និងសន្យាបង្កើន​ទុនវិនិយោគនៅអាស៊ី!

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានថ្លែងឲ្យដឹងថា លោកស្រីប្តេជ្ញាចំពោះការបន្តរក្សា ទំនាក់ទំនងដ៏ល្អប្រសើររបស់ចក្រភពអង់គ្លេស ជាមួយនិងប្រទេសចិន ដែលត្រូវបានឲ្យឈ្មោះថា ទំនាក់ទំនងក្នុងយុគមាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

 នៅក្នុងការថ្លែងសុន្ទរកថាមួយ ទៅកាន់បណ្តានាយកក្រុមហ៊ុនធំៗ ក្នុងទីក្រុងឡុងដ៍ លោកស្រី May បានលើកឡើងអំពីតួនាទីរបស់អង់គ្លេស ក្រោយ Brexit (ការដើរចេញពីសហភាពអឺរ៉ុប) ក្នុងនាមជាប្រទេសពាណិជ្ជកម្មដ៏ធំមួយ ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា «ចក្រភពនេះ នឹងបន្តបង្កើនការបណ្តាក់ទុនវិនិយោគ នៅទ្វីបអាស៊ី»។

លោកស្រី May បានសង្កត់ធ្ងន់ថា លោកស្រីមិនបានមើលឃើញចិន ក្នុងរូបភាពត្រឹមតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមាជិកអចិន្រ្តៃយ៍មួយដូចគ្នា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលការសម្រេចចិត្តរបស់ខ្លួន រួមជាមួយនិងការសម្រេចចិត្តរបស់ចក្រអង់គ្លេស នឹងកែប្រែពិភពលោកបាន។

គួរបញ្ជាក់ថា លោកស្រី May ធ្លាប់បានអះអាងពីគំរោងពិភាក្សា ធ្វើការចាកចេញពីអឺរ៉ុបជាផ្លូវការនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ហើយនឹងគ្មានការបោះឆ្នោតជាលើកទីពីរ ដើម្បីស្ទង់មតិឡើងវិញឡើយ។ សហគមន៍អឺរ៉ុប មិនបានរារាំងអង់គ្លេសនោះទេ ក៏ប៉ុន្តែការទាមទារមួយត្រូវធ្វើឡើង ចំពោះចក្រភពដែលមាន ០៤ប្រទេសបូកបញ្ចូលគ្នានេះ ឲ្យបង់ប្រាក់លែងលះ ៣០ពាន់លានដុល្លារ ទៅឲ្យអឺរ៉ុប៕

ដកស្រង់ពី៖FRESH NEW