បណ្តាញសង្គម

អាមេរិកស្នើ អាស៊ានបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ខណៈទំហំសេដ្ឋកិច្ច អាស៊ាន- អាមេរិកឆ្នាំ២០១៦ មានជាង២០០ពាន់លានដុល្លា

ភ្នំពេញ៖លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបាន សម្ដែងការគាំទ្រនូវតួនាទីស្នូល របស់អាស៊ាននិងស្នើឲ្យអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចខណៈកាលពីឆ្នាំ២០១៦កន្លង ទៅទំហំសេដ្ឋកិច្ច អាស៊ាន-អាមេរិក មានជាង ២១១ពាន់លានដុល្លាអាមេរិក។

 ប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០នៃទំនាក់ទំនងសន្ទនា អាស៊ាន សហរដ្ឋអាមេរិក នៅមជ្ឈមណ្ឌលសន្និសីទវប្បធម៌ ម៉ានីល ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីនកាលពីសៀល ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានឲ្យដឹងថា មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានចូលរួមអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន សហរដ្ឋអាមេរិក ពិសេសបានគាំទ្រការអនុម័ត សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន សហរដ្ឋអាមេរិក។ 

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរមេដឹកនាំអាស៊ាន បានលើកទឹកចិត្តដល់សហរដ្ឋអាមេរិកបន្ត ពង្រឹងភាពជាអ្នកដឹកនាំវ័យក្មេងនិងការកសាង សមត្ថភាពយុវជននិងស្រ្តីតាមរយៈការផ្តល់ នូវអាហារូបករណ៍បន្ថែមដល់សិស្សនិងនិស្សិត បណ្តាប្រទេសអាស៊ាននិងស្វាគមន៍ចំពោះ ការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្ត អាស៊ាន សហរដ្ឋអាមេរិក និងការគាំទ្ររបស់ សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍ អាស៊ានជាពិសេសការគាំទ្រ ចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ស្តីពីការតភ្ជាប់អាស៊ាន សហរដ្ឋអាមេរិក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចតាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនទំហំសេដ្ឋកិច្ច និងបង្កើនឱកាសការងារសម្រាប់ ប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសគឺការបង្កើតមជ្ឈមណ្ឌល តភ្ជាប់អាមេរិក អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងការដាក់ឲ្យដំណើរការ នូវក្របខណ្ឌតភ្ជាប់ អាមេរិក អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ២០១៦។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន អាមេរិក បានប្តេជ្ញាខ្ពស់លើការអនុវត្តផែនការ សកម្មភាពទាំងពេលបច្ចុប្បន្ន ទៅអនាគត លើយន្តការដែលមានស្រាប់និង លើគ្រប់វេទិកាទាំងអស់ ព្រមទាំងបានឈានទៅដល់ការអនុម័ត លើសេចក្តីថ្លែងការណ៍ នៃការប្រារព្ធខួបលើក ទី៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន អាមេរិក និងទិសដៅទៅអនាគត៕

ដកស្រង់ពី៖ដើមអម្ព ិល