បណ្តាញសង្គម

អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាស្នើកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ

(ម៉ានីល, ហ្វីលីពីន)៖ មេដឹកនាំអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានអំពាវនាវឲ្យកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងឧបទ្វីបកូរ៉េ។

ការបង្ហាញក្តីព្រួយបារម្ភលើសន្តិសុខនៅឧបទ្វីបកូរ៉េព្រោះតែកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ របស់កូរ៉េខាងជើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី (អាស៊ាន បូក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) លើកទី២០ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា លោក អនឃួន សំអូន ដែលកំពុងតាមយកព័ត៌មាននៃកិច្ចប្រជុំពិសេសប្រចាំឆ្នាំ នៅទីក្រុងម៉ានីល បានប្រាប់  ថា ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ានទាំង១០ រួមនិងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន លោក ស៊ីន ហ៊្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោក ម៉ូន ជេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ និងការគំរាមកំហែងនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង ជាពិសេសការបាញ់សាកល្បងគ្រាប់មីស៊ីលជាញឹកញាប់នោះ។

មេដឹកនាំអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានជំរុញឲ្យកូរ៉េខាងជើង គោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវលុបបំបាត់ទាំងស្រុង នូវកម្មវិធីអាវុធនុយក្លេអ៊ែរ ហើយត្រូវបញ្ឈប់សកម្មភាពបង្កហេតុ និងសកម្មភាពគំរាមកំហែងនានារបស់កូរ៉េខាងជើង។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ថ្នាក់ដឹកនាំអាស៊ាន ចិន ជប៉ុន ក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូង ក្នុងការធ្វើឲ្យប្រសើរឡើងទំនាក់ទំនងរវាងកូរ៉េទាំងពីរ ឆ្ពោះទៅការបង្កើតឡើងនូវសន្តិភាពក្នុងឧបទ្វីបកូរ៉េផងដែរ។ ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន ក្នុងការដើរតួនាទីស្ថាបនា និងរួមចំណែកកសាងសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕

ដកស្រង់ពី៖ Fresh News