បណ្តាញសង្គម

សារព័ត៌មានកូរ៉េខាងជើង៖ «ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិត ដោយសារហ៊ានមើលងាយ លោក គីម ជុងអ៊ុន»

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃពុធនេះ បានតំឡើងសសៃកជាថ្មីដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រើពាក្យអសុរសលើ លោក គីម ជុងអ៊ុន។

ព្រមពេលជាមួយគ្នា សារព័ត៌មានរដ្ឋមួយនេះក៏បាននិយាយដែរថា លោក ត្រាំ គួរតែត្រូវបានកាត់ទោសប្រហារជីវិត  ដោយប្រជាជនកូរ៉េខាងជើង ហើយថា លោកជា មនុស្សកំសាកដែលមិនហ៊ានបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

Rodong Sinmun នៅក្នុងបទវិចារណកថារបស់ខ្លួន បានជះកំហឹងពេញមួយទំហឹងលើលោកដូណាល់ ត្រាំ សម្រាប់ការហៅលោក គីម ជុងអ៊ុន ថាជា «ជនផ្ដាច់ការដ៏សាហាវឃោរឃៅ» នាអំឡុងពេលលោកថ្លែងសារទៅកាន់ សភាកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន។

Rodong Sinmun បានលើកឡើងដូច្នេះថា៖ «ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតដែល ដូណាល់ ត្រាំ មិនសមនឹង ទទួលបានការលើកលែងនោះ គឺរូបគេហ៊ានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃ មេដឹកនាំកំពូលរបស់យើង ដោយវិធីសាស្ត្រស្មោកគ្រោក... ហើយរូបគេគួរតែដឹងថា ខ្លួនឯងគឺជាឧក្រិដ្ឋជនដ៏គួរឱ្យស្អប់ខ្ពើមសមតែត្រូវកាត់ទោសប្រហារជីវិត ដោយប្រជាជនកូរ៉េខាងជើង»។

គួរបញ្ជាក់ថា សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង បានក្លាយជារបៀបវារៈជួរមុខ របស់លោក ដូណាល់ ត្រាំ នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ជាទីដែលលោកបាន រិះគន់និងព្រមានប្រើប្រាស់កម្លាំងយោធា ការពារកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងករណីមានការវាយប្រហារពីកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News