បណ្តាញសង្គម

មន្ត្រីទូតអូស្ត្រាលីនៅញូយ៉ក «ស្រវឹងស្រាហើយ​ធ្លាក់ពីលើអគារ​ជាន់ទី ៧ ស្លាប់ភ្លាមៗ» ខណៈ​នាយករដ្ឋមន្ត្រី​​ចេញសេចក្តី​ថ្លែងការណ៍ សោកស្តាយជាខ្លាំង!

 (កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull បានចាត់ទុកថា ការស្លាប់របស់មន្ត្រីទូតអូស្ត្រាលីម្នាក់ គឺលោក Julian Simpson ក្នុងទីក្រុងញូយ៉ក ជាសោកនាដកម្មមួយ ហើយលោកថ្លែងបានបែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍អូស្រ្តាលី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក Malcolm Turnbull បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាសោកនាដកម្មមួយ ហើយយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសាររបស់គាត់។ ប៉ុន្តែនៅពេលនេះ ខ្ញុំមិនទាន់អាចបញ្ជាក់អ្វីបន្ថែមនោះទេ ក្រៅតែពីទទួលស្គាល់ថា នេះគឺជាសោកនាដកម្មដ៏រន្ធត់ និងជាការបាត់បង់មន្ត្រីវ័យក្មេងម្នាក់»។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Julian Simpson មានអាយុ ៣០ឆ្នាំ ជាលេខាធិការទី២ នៃបេសកកម្មអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ បានស្លាប់កាលពី យប់ថ្ងៃពុធម្សិលមិញ នៅពេលលោកធ្លាក់ពីលើរាលហាលជាន់ទី ៧ នៃអគារស្នាក់នៅរបស់លោក ក្នុងសង្កាត់ Manhattan។

ដោយឡែក ក្រុមអ្នកស៊ើបអង្កេតក៏បានបញ្ជាក់ដែរថា លោក Simpson បានផឹកស្រាស្រវឹងជាមួយប្រពន្ធគាត់ និងមិត្តភក្តិ ពេលលោកអង្គុយលើរាលហាល ស្រាប់តែបាត់លំនឹង ហើយក៏ធ្លាក់ពីលើរានហាលស្លាប់តែម្ដង។

ចំណែកឯប្រព័ន្ធផ្សព្វផ្សាយខ្លះរាយការណ៍ថា លោកបានលេងល្បែង «Game Of trust» មុនពេលលោកធ្លាក់ពីលើអគារ ប៉ុន្តែខាងប៉ូលិសមិនទាន់ទទួលស្គាល់នៅឡើយទេ៕

ដកស្រង់ពី៖ Fresh News