បណ្តាញសង្គម

មេដឹកនាំហ្ស៊ីមបាវេ «លោក Mugabe បដិសេធ​លាលែងពីតំណែង» ទោះបីពេលនេះ​ ​យោធាកំពុងគ្រប់គ្រងប្រទេសទាំងស្រុង!

 (ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe ជាមេដឹកនាំកាន់អំណាចយូរជាងគេម្នាក់ក្នុងពិភពលោក បានបដិសេធលាលែងពីមុខតំណែង នៅអំឡុងពេលលោក ជួបជាមួយមេបញ្ជាការយោធា លោក Constantino Chiwenga ដែលបានដណ្ដើមអំណាចគ្រប់គ្រងប្រទេសទាំងស្រុង កាលពីប៉ុន្មានថ្ងៃមុននេះ។

នេះបើតាមមន្ត្រីយោធាហ្ស៊ីមបាវេម្នាក់ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជំនួបរវាង លោក Mugabe និងលោក Chiwenga កើតមានឡើង ខណៈលេចលឺដំណឹងពីការធ្វើរដ្ឋប្រហារ ក្រោយយោធាហ្ស៊ីមបាវេ បានចល័តរថក្រោះចូលក្នុងរដ្ឋធានី Harare គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងចាប់ប្រធានាធិបតីចាស់វស្សារូបនេះ ឃុំនៅក្នុងផ្ទះ។

ប៉ុន្តែក្រុមមន្ត្រីយោធា បានបដិសេធដោយអះអាងថា ពួកគេកំពុងបោសសំអាតពួកឧក្រិដ្ឋ នៅក្បែរនៅក្បែរ លោក Mugabe តែប៉ុណ្ណោះ បើទោះថ្នាក់ដឹកនាំអាហ្រិ្វកខ្លះចាត់ទុកថា សកម្មភាពនេះហាក់ដូចជារដ្ឋប្រហារយោធាក៏ដោយ។ ដោយឡែក ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យោធាស្និទ្ធនឹងមេដឹកនាំយោធាហ្ស៊ីមបាវេ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «លោក Mugabe និងលោក Chiwenga បានជួបគ្នានៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍)... ប៉ុន្តែគាត់ (លោក Mugabe) បានបដិសេធលាលែងពីមុខតំណែង ហើយខ្ញុំគិតថា គាត់កំពុងព្យាយាមអូសបន្លាយពេលវេលា»។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Mugabe មានអាយុ ៩៣ឆ្នាំ ហើយលោកបានឡើងកាន់អំណាចជាប្រធានាធិបតីហ្ស៊ីមបាវេ តាំងតែពីឆ្នាំ១៩៨០។

ចំណែកឯសកម្មភាពយោធាខាងលើ ធ្វើឡើងបន្ទាប់ពីកម្លាំងយោធាហ្ស៊ីមបាវេបានព្រមានថា នឹងលូកដៃចូលកិច្ចការនយោបាយ ដើម្បីបញ្ចប់ភាពតានតឹង ដែលបង្កឡើងដោយសារតែការបណ្តេញអនុប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Mnagawa ចេញពីតំណែង ដែលជាទង្វើមួយត្រូវបានគេមើលឃើញថា ជាការពង្រឹងអំណាចរបស់ លោក Mugabe និងមានចេតនាចង់តែងតាំងប្រពន្ធ របស់លោកផ្ទាល់ ធ្វើជាអនុប្រធានាធិបតីជំនួសវិញ៕

ដកស្រង់ពី៖ Fresh News