បណ្តាញសង្គម

ការរត់ជាន់គ្នា «សម្លាប់មនុស្ស ១៥នាក់ នៅប្រទេសម៉ារ៉ុក» ខណៈមនុស្សម្នា​ច្រើនកកកុញ សម្រុកទៅយកជំនួនមនុស្សធម៌ ពីអង្គការតំបន់!

(ម៉ារ៉ុក)៖ អាជ្ញាធរម៉ារ៉ុកបានរាយការណ៍ថា មនុស្ស ១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅអំឡុងពេលពួកគេកំពុងទទួលជំនួយពី អង្គការមនុស្សធម៌មួយនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

 យោងតាមអាជ្ញាធរម៉ារ៉ុក គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីក្រុង Sidi Boulaalam នៃខេត្ត Essaouira នៅពេលមនុស្សម្នាជាច្រើននាក់ ឈររង់ចាំទទួលជំនួយពីអង្គការមនុស្សធម៌ មួយនៅក្នុងតំបន់។ បន្ថែមពីលើនេះ សារព័ត៌មាននៅក្នុងស្រុកក៏បានឱ្យដឹងដែរថា មនុស្ស ៤០នាក់បានរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នានេះ រីឯជនរងគ្រោះស្លាប់ភាគច្រើនជាស្ត្រី និងមនុស្សចាស់ ខណៈព្រះមហាក្សត្រម៉ារ៉ុក Muhammed VI បានណែនាំឱ្យអាជ្ញាធរក្នុងតំបន់ ជួយដល់អ្នករងគ្រោះ ក៏ដូចជាផ្ដល់ការគំាទ្រជាថ្នាំពេទ្យ និងចេញថ្លៃបុណ្យសពផងដែរ។

គួរបញ្ជាក់ថា បើតាមសាក្សីជាច្រើននៅកន្លែងកើតហេតុ ការចែកអំណោយប្រចាំឆ្នាំនៅក្នុងឆ្នាំ២០១៧នេះ ដែលត្រូវរៀបចំឡើងក្នុងផ្សារមួយ ដែលសម្បូរដោយប្រជាជនក្រីក្រ ស្ថិតទីក្រុង Sidi Boulaalam មានប្រជាជន ៨,០០០នាក់រស់នៅ និងបានទាក់ទាញមនុស្សច្រើនខុសពីឆ្នាំមុនៗ ប៉ុន្តែខាងអាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលបានបង្កការរត់ជាន់គ្នានេះនៅឡើយទេ៕

ដកស្រង់ពី៖FRESH NEW