បណ្តាញសង្គម

ប្រទេសចិន «សម្តែងការ​សោកស្តាយបំផុត» ព្រោះឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់ជាងពីរខែ ហើយក៏ផ្ទុះភាពតានតឹងឡើង​វិញ... ​

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ការបង្កភាពតានតឹងឡើងវិញនៅលើឧបទ្វីបកូរ៉េ គឺជារឿងគួរឱ្យសោកស្ដាយ បន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់ អស់រយៈជាងពីរខែមកនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។ លោក វ៉ា យី ដូចខាងលើនៅក្នុងសន្នីសីទសារព័ត៌មានរួមគ្នា នៅថ្ងៃចន្ទនេះ ជាមួយសមភាគីម៉ុងហ្គោលីរបស់លោក ដោយថែមទាំងបញ្ជាក់ដែរថា ចិនបានបង្ហាញពីគោលជំហរឆ្ពោះ ទៅរកដំណោះស្រាយ ស្ដីពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែថាភាគីពាក់ព័ន្ធទាំងអស់ គួរតែត្រូវពិគ្រោះយោបល់គ្នា។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េផ្ទុះឡើងជាថ្មី កាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រោយកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលឆ្លងទ្វីប មួយគ្រាប់ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯសមុទ្រខាងកើត ហើយព្រមទំាងបានអះអាងទៀតថា មីស៊ីលប្រភេទថ្មីនេះ មានសមត្ថភាពបាញ់ដល់ដីគោកអាមេរិក គ្រប់ទីតាំងទាំងអស់។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាផ្លូវអាកាស បើទោះជាមានការព្រមានពីទីក្រុងព្យុងយ៉ាងថា នេះជាសកម្មភាពអាចនឹង បង្កទៅជាសង្រ្គាមនុយក្លេអ៊ែរក៏ដោយ៕

ដកស្រង់ពី ៖ Fresh News