បណ្តាញសង្គម

មហាយក្សឥណ្ឌា «ចាប់ផ្តើមផលិតយន្តហោះ​ចម្បាំង ដោយដៃខ្លួនឯង» ដើម្បីបន្ថយ​ការពឹងផ្អែក​លើបរទេស...!

(ញូដេលី)៖ ប្រទេសឥណ្ឌាបានដំណើរការជាផ្លូវការ នូវកម្មវិធីផលិតយន្ដហោះចម្បាំងដោយខ្លួនឯង ដោយមិនត្រូវការបចេ្ចកវិទ្យាពីបរទេស ហើយដែលគំរោងនេះត្រូវចំណាយប្រាក់ជាង ០៨ពាន់លានដុល្លារអាមេរិក។

នេះបើតាមគេហទំព័រ Defense One ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។ យោងតាម Defense One រដ្ឋាភិបាលទីក្រុងញូដេលី មានគំរោងទិញយន្ដហោះចម្បំាង ៨៣គ្រឿង ដែលផលិតក្រុមហ៊ុនរដ្ឋ Hindustan Aeronautics LTD (HAL) ក្នុងគោលបំណងរំដោះកងកម្លាំងទ័ពអាកាសឥណ្ឌា ពីការពឹងផ្អែកទាំងស្រុងពីការនាំចូល បច្ចេកវិទ្យាពីបរទេស។ Defense One បានឱ្យដឹងដែរថា គំរោងទិញយន្ដហោះចម្បាំងនេះ នឹងត្រូវចំណាយប្រាក់ ០៨ពាន់លានដុល្លារ ហើយដែលនេះ គឺជាគំរោងធំបំផុតមួយ នៅក្រោមការដឹកនាំនៃរដ្ឋាភិបាលឥណ្ឌារបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi)។

គួរបញ្ជាក់ថា បើតាមគំរោងខាងលើ យន្ដហោះចម្បាំង LCA (Light Combat Aircraft) Mark-1A នឹងក្លាយជាយន្ដហោះចម្បាំងជំនាន់ទី ៤ យ៉ាងពិតប្រាកដ ដែលនឹងត្រូវបំពាក់ដោយបរិក្ខាទំនើបៗ មានដូចជាប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារខ្លួន និងប្រព័ន្ធអេឡិចត្រូនិចជាច្រើនទៀត។ តែយ៉ាងណាក៏ដោយ កម្មវិធី LCA បានចាប់ផ្ដើមតាំងតែពីឆ្នាំ១៩៩៣ តែមកទល់នឹងពេលនេះ ក្រុមហ៊ុន HAL អាចផលិតបានយន្ដហោះតែ ០៦គ្រឿងប៉ុណ្ណោះ៕

ដកស្រង់ពី៖FRESH NEWS