បណ្តាញសង្គម

លោក វ៉្លាឌីមៀ ពូទីន៖ «ការវាយប្រហារមូលដ្ឋានទ័ព​អាកាសរុស្ស៊ី គឺជាចេតនា​បំបែកបំបាក់​ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់-តួកគី»

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី Khmeimim ក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ គឺមានចេតនា បំបែកបំបាក់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ តួកគី និងអ៊ីរ៉ង់ ក៏ដូចជាចង់បំផ្លាញយុទ្ធនាការស្វែងរកសន្តិភាព សម្រាប់ស៊ីរីផងដែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។ ការលើកឡើងបែបនេះរបស់លោក ពូទីន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមឧទ្ទាមគំាទ្រដោយតួកគីបានវាយប្រហារលើមូលដ្ឋានទ័ពរុស្ស៊ី ឃ្មៃមីម (Khmeimim) ក្នុងប្រទេសស៊ីរី។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងជំនួបជាមួយក្រុមនិពន្ធនាយកសារព័ត៌មានរុស្ស៊ី ក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះ ថា «ការវាយប្រហារលើមូលដ្ឋានទ័ពរុស្ស៊ីនៅស៊ីរី ទី ១ គឺមានចេតនាបំផ្លាញដល់កិច្ចចរចាស្វែងរកសន្តិភាព ហើយទី ២ គឺចង់បំបែកបំបាក់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ តួកគី និងអ៊ីរ៉ង់។

ប៉ុន្តែ យើងដឹងយ៉ាងច្បាស់ថា មិនមែនតួកគីនោះទេ ហើយអ្នកណាជាអ្នកធ្វើ និងជាអ្នកនឹងត្រូវសងមកវិញនូវតម្លៃយ៉ាងសាកសម ចំពោះទង្វើបង្ករឿងនេះ»។គួរបញ្ជាក់ថា លោក ពូទីន មិនបានបញ្ជាក់ឈ្មោះក្រុម ឬអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន លើមូលដ្ឋានទ័ពរុស្ស៊ី Khmeimim កាលពីជាងពីរសប្ដាហ៍មុននោះទេ។ ការវាយប្រហារនេះបានបណ្ដាលឱ្យយោធារុស្ស៊ីពីរនាក់បាត់បង់ជីវិត និងបង្កការបំផ្លិចបំផ្លាញមួយចំនួនផងដែរ៕

ដកស្រង់ពី៖ Fresh News