បណ្តាញសង្គម

ដូណាល់ ត្រាំ អំពាវនាវឲ្យសភា​អនុម័តច្បាប់ ដែល​អនុញ្ញាតការវិនិយោគដល់​​ខ្ទង់ ទ្រីលានដុល្លារ លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ!

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់សភាឲ្យ អនុម័តច្បាប់មួយ ដែលនឹងជំរុញឲ្យមានការវិនិយោគដល់ទៅ ១.៥ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។ ថ្លែងក្នុងឱកាសធ្វើការថ្លែងសារទៅកាន់សភាជាលើកដំបូង (State of the Union Adress) ចាប់តាំងតែពីបានឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំមុន លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «ខណៈដែលពួកយើង កំពុងធ្វើការស្ថាបនាវិស័យឧស្សាហកម្មរបស់ប្រទេសយើងឡើងវិញ វាក៏ជាពេលផងដែរដែលយើងត្រូវស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កំពុងដួលរលំរបស់យើង»។

គួរជម្រាបថា ការលើកឡើងនូវចំណុចខាងលើនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ ពីទស្សនៈវិស័យមុតស្រួចរបស់លោក សម្រាប់ការកែលម្អរឲ្យប្រសើរឡើងវិញទៅលើប្រព័ន្ធហេដ្ឋារចនា នៃប្រទេសមហាអំណាចពិភពលោកមួយនេះ៕

ដកស្រង់ពី៖ Fresh News