បណ្តាញសង្គម

កូរ៉េខាងជើង គ្រោងដង្ហែក្បួនមីស៊ីលរាប់រយគ្រាប់ មុនថ្ងៃកីឡាអូឡាំពិក​រដូវ​រងា

កូរ៉េខាងជើងកំពុងមានផែនការបង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយរាប់សិបគ្រឿង នៅថ្ងៃទី ៨ ខែ កុម្ភៈ ខាងមុខនេះ ពោលគឺមុនថ្ងៃកីឡាអូឡាំពិករដូវរងា Winter Olympics មួយថ្ងៃ ដែលនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។

នេះបើយោងតាមប្រភពការទូត ២ ដែលដឹងយ៉ាងស៊ីជម្រៅអំពីគោលបំណងរបស់កូរ៉េខាងជើង ប្រាប់ទៅកាន់សារព័ត៌មាន CNN កាលពីថ្ងៃពុធ។ ជាមួយគ្នានេះដែរ ប្រភពមួយបាននិយាយថា ការបង្ហាញមីស៊ីល និងរ៉ុកកែត "រាប់រយគ្រាប់" នឹងជាការប៉ុនប៉ងមួយ ដើម្បីបំភ័យជនជាតិអាមេរិក។

ការដង្ហែក្បួនមីស៊ីលនេះត្រូវបានគេរំពឹងថានឹងមាន មីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ Hwasong-15 ដែលកូរ៉េខាងជើងបានធ្វើតេស្តលើកដំបូង កាលពីចុងខែវិចិ្ឆកា។ គួរបញ្ជាក់ថា ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថា State of the Union ជាលើកដំបូង ដោយក្នុងនោះលោកបានរិះគន់លើការរំលោភសិទ្ធិមនុស្សនៃរបប លោក គីម ជុងអ៊ុន និង ការខិតខំប្រឹងប្រែងចំពោះការបង្កើតអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដែលអាចគំរាមកំហែងដល់ទឹកដីអាមេរិក៕

ដកស្រង់ពី៖Sabay